បាត់មុខមួយរយៈ! ពេលនេះ Jimmy Lin វិលចូលសិល្បៈវិញជាមួយនឹងសម្រស់ថ្មី ក្រោយកែកុនហើយ
ក្រោយពីសម្រាកព្យាបាលរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីខែកក្កដាកន្លងទៅ ពេលនេះ តារាចម្រៀង និង សម្ដែងប្រុសតៃវ៉ាន់ Jimmy Lin បានវិលត្រឡប់មកធ្វើការងារក្នុងសិល្បៈវិញហើយ បន្ទាប់ពីបែកពីក្រុមអ្នកគាំទ្ររបស់លោកមកយូរគួរសមដែរ។
ដូចដែលប្រិយមិត្តនិយមតាមដានបានដឹងមកហើយ កាលពីខែកក្កដា ឆ្នាំ ២០២២ តារាប្រុសសង្ហាវ័យ ៤៨ឆ្នាំរូបនេះ បានជួបគ្រោះថ្នាក់ដ៏នឹកស្មានមិនដល់មួយជាមួយនឹងកូនប្រុសអាយុ ៧ ឆ្នាំរបស់លោក នៅតាមផ្លូវធ្វើដំណើរស្រាប់តែឡានទំនើបរបស់លោកបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យឆេះឆាបផ្នែកខាងមុខនៃរថយន្ត ហើយ Jimmy បានរងរបួសធ្ងន់ក្នុងហេតុការណ៍នោះ ប៉ុន្តែជាសំណាងល្អ លោក និង កូនប្រុស ត្រូវបានគេសង្គ្រោះទាន់ពេល។
ក្នុងនោះដែរ ក្រោយពីជួបគ្រោះថ្នាក់ លោកក៏បានគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រហែលមួយខែ ដើម្បីធ្វើការវះកាត់តឆ្អឹងដៃដែលបានបាក់ និង វះកាត់កែទម្រង់មុខរបស់លោក ដែលត្រូវការប៉ះទង្គិចខ្លាំង។
ទោះជាយ៉ាងណា មកដល់បច្ចុប្បន្ននេះ តារាប្រុសរូបនេះក៏បានបង្ហាញវត្តមានធ្វើជាតារាតំណាងជាន់ខ្ពស់ នៅក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់សម្រាប់កុមារពិការ ហើយទស្សនិកជនជាច្រើនក៏បានចាប់អារម្មណ៍ទៅលើមុខមាត់ថ្មីរបស់លោក ក្រោយវះកាត់ជោគជ័យ។
យ៉ាងណាក៏ដោយ ក៏មានមហាជនមួយចំនួនបានលើកឡើងថា Jimmy មើលទៅប្លែកជាងមុន ក្រោយវះកាត់កែកុនទម្រង់មុខហើយ ប៉ុន្តែរូបរាងគាត់នៅតែសង្ហា ហើយសំខាន់លោកបានវិលត្រឡប់ចូលធ្វើការងារក្នុងសិល្បៈយ៉ាងធម្មតា៕