ដួង សុខគា ពួយអ្នកជោរតាមគ្នាមួយរយៗ រឿងសរសេរអក្សរខ្មែរបែបឡប់ឡែបែកប្រាជ្ញរហ័សទៅខាងខុស
សិល្បករចាស់វស្សា លោក ដួង សុខគា កន្លងមកត្រូវបានមហាជនមើលឃើញថា លោកតែងបង្ហាញសកម្មភាពលើកស្ទួយវប្បធម៌ខ្មែរ មិនថាការស្លៀកពាក់ ទំនៀមទម្លាប់ផ្សេងៗ ឧបករណ៍បុរាណខ្មែរ ឬអក្សរសាសាស្រ្តខ្មែរនោះទេ គេច្រើនតែឃើញលោក ចែករំលែកនូវចំណេះដឹងអំពីការប្រើប្រាស់អក្សរខ្មែរយើងឱ្យបានត្រឹមត្រូវជារឿយៗ។
និយាយដល់ផ្នែកអក្សរសាស្រ្តខ្មែរ ថ្មីៗនេះ លោក ដួង សុខគា បានបង្ហោះសារប្រតិកម្មខ្លាំងៗទៅលើជនមួយចំនួន ដែលយកភាសាខ្មែរមកលេងសើច ឬសរសេរកាត់តាមភាសានិយាយ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។
ដួង សុខគា បានបង្ហោះសារសង្កត់ធ្ងន់ថា ៖ «កុំចង្រៃជោរតាមគ្នា សរសេរភាសាខ្លួនឯងបែបឡឺឡប់ ហើយថាពេញនិយមឱ្យសោះ! ហិហិ ធ្ងន់មាត់បន្តិចហើយ! កាំជា, បងអូន, ពង់ចាម, អន់រ៉ាយ, ពេញយំ, តិចឡាចហូវ…. រំអួយរំអិលកាច់ប្របេរឆ្កួតយក៍ស្អី? អក្សរ ត្រូវតែជាម៉ែត្រយ៉ាងសុក្រឹត! កុំបែកប្រាជ្ញរហ័សទៅខាងខុស! ច្រឡំដៃចង្រៃតិច វក់ព្រើលភ្លើភ្លេច នាំវ៉ល់អក្សរជាតិ ចង្រៃធំ។ ដង្កូវចង្រៃតែងតែបំផ្លាញដើមឈើដែលវារស់នៅ តែនេះយើងជាមនុស្ស»៕