មិនមែន Tong Tong តែ Best ទម្លាយច្បាស់ៗ គឺបុរសម្នាក់នេះធ្វើឱ្យនាងទឹកភ្នែកច្រើនជាងគេក្នុងជីវិត
គិតមកទល់ពេលនេះ អស់រយៈពេល ៣ ខែហើយ ដែលតារាសម្ដែងប្រុស Tong Tong និង ស្រីស្រស់ Best Kamsing បានប្រកាសចែកផ្លូវគ្នាដើររៀងខ្លួន។ ទន្ទឹមនឹងការបែកគ្នានេះ គេក៏សង្កេតឃើញតារាស្រីប្រុសទាំងពីរ នៅពុំទាន់រកឃើញអ្នកស្អំបេះដូងថ្មីឡើយ ដោយម្នាក់ៗកំពុងតែផ្តោតលើការងារជាសំខាន់។
យ៉ាងណាមិញ ងាកទៅមើលស្រីស្រស់ Best វិញ ទោះបីមិនទាន់រកឃើញអ្នកមើលថែបេះដូងថ្មីក៏ពិតមែន តែថ្មីៗនេះ នាងស្រាប់តែបង្ហើបថា មានតារាប្រុសល្បីម្នាក់ក្នុងរង្វង់សិល្បៈថៃតាមញ៉ែ និង ចង់ទាក់ទងនាង។ យ៉ាងណា ដ្បិតបង្ហើបថាមានតារាល្បីទាក់ទង តែស្រីស្រស់រូបនេះមិនព្រមប្រាប់ថាជាតារារូបណាឡើយ គឺទុកឱ្យអ្នកគាំទ្រទាយដោយខ្លួនឯង។
ដោយឡែក ថ្មីៗនេះទៀតស្រីស្រស់រូបនេះស្រាប់តែសម្ភាសក្នុងកម្មវិធីមួយ ដោយពិធីករបានសួរទៅកាន់ស្រីស្រស់ Best ថាជាមួយនឹងហេតុការណ៍កន្លងមកតើនរណាដែលធ្វើឱ្យទឹកភ្នែកច្រើនបំផុត? គ្រាន់តែស្តាប់សំណួរចប់ភ្លាមមិនបង្អង់យូរស្រីស្រស់ Best ឆ្លើយថាជាឪពុករបស់នាង ព្រោះឪពុកនាងចូលចិត្តញ៉ោះឱ្យនាងយំ តែងរករឿង ក៏ប៉ុន្តែទោះបីយ៉ាងណាក៏នាងពុំដែលឈ្លោះតបតដែរ មានតែពួនយំម្នាក់ឯង៕