ភ្ញាក់ផ្អើល! Miss Grand ព្រះសីហនុ ២០២០ លឹម សុធាវី បង្ហោះសារដេកឱបទុក្ខ ខណៈកំពុងពពោះជិតគ្រប់ខែ
បន្ទាប់ពីរៀបការជាមួយបុរសវ័យចំណាស់ពូកែថ្នមកាលពីចុងខែ មីនា ឆ្នាំ ២០២៣ មក Miss Grand ព្រះសីហនុ ឆ្នាំ ២០២០ អ្នកនាង លឹម សុធាវី ក៏ប្រកាសដំណឹងពីសមាជិកថ្មីភ្លាម ដែលធ្វើឱ្យគ្រួសារតូចរបស់ពួកគេកាន់តែពេញលេញ ហើយក៏ជាផ្នែកមួយដើម្បីរឹតចំណងអាពាហ៍ពិពាហ៍ឱ្យកាន់តែរឹងមាំជាងមុនមួយកម្រិតដែរ។
ដោយឡែកខណៈកូនក្នុងផ្ទៃរបស់ លឹម សុធាវី កាន់តែធំធាត់ជិតគ្រប់ខែ ស្រាប់តែនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ អ្នកម៉ាក់ដ៏អភិជនរូបនេះ បែរជាបង្ហោះសារត្អូញត្អែរពីជីវិតដេកឱបទុក្ខហាក់ដូចជាកំពុងមានបញ្ហាក្នុងជីវិតគូ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនអ្នកធ្លាប់គាំទ្រនាង ព្រោះថាកន្លងមក លឹម សុធាវី ច្រើនតែបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីបង្ហោះលើហ្វេសប៊ុកជារឿយៗ។
អត្ថន័យសារដែលអតីតលំដាប់រងទី ១ នៃកម្មវិធី Miss Grand Cambodia 2020 រូបនេះ បានបង្ហោះនៅលើគណនីហ្វេសប៊ុក បានរៀបរាប់ថា ៖ «គិតខុសមួយថ្ងៃ នឹងទឹកភ្នែកមួយជីវិត អស់ទ្រាំហើយ គ្មានអ្នកណាទ្រាំមដេឱបទុក្ខបានទេ»។
ដ្បិតថា លឹម សុធាវី បង្ហោះសារបែបនេះ តែគេក៏មិនទាន់អាចសន្និដ្ឋានបានថា នាងមានបញ្ហាគ្រួសារដែរ ព្រោះថា សាមីខ្លួនមិនបានបញ្ជាក់ច្បាស់លាស់នោះទេ៕