មកខ្មែរច្រើនដង ប្រុសសង្ហា Paing Takhon កាន់តែជាប់ចិត្តនៅកម្ពុជាបំភ្លេចមិនបាន
ថ្មីៗនេះ តារាសម្ដែងដ៏ល្បីរបស់មីយ៉ាន់ម៉ា លោក Paing Takhon បានបង្ហាញខ្លួននៅកម្ពុជា ដើម្បីថតខ្សែភាពយន្តខ្នាតធំថ្មីមួយទៀតហើយ ដែលលើកនេះ តួឯកស្រី គឺប៉ះជាមួយតារាសម្ដែងស្រីដ៏ឆ្នើមរបស់កម្ពុជាគឺ កញ្ញា ស៊ិន យូប៊ីន។
ឡើងចុះប្រទេសកម្ពុជាច្រើនលើកច្រើនសា មើលទៅប្រុសសង្ហា Paing Takhon កាន់តែស្រឡាញ់ពេញចិត្តចំពោះប្រទេសយើងកាន់តែច្រើនឡើង មិនថាម្ហូបអាហារ អត្តចរិតរួសរាយរបស់ក្រុមការងារ និង វប្បធម៌ សម្លៀកបំពាក់ជាដើម។
រឿងដែលធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្ត គឺប្រុសសង្ហា Paing បានបង្ហោះរូបថតមួយសន្លឹកនៅលើគណនីហ្វេសប៊ុក និង អ៊ីនស្តាក្រាម ស្លៀកពាក់ចងក្បិនបែបប្រពៃណីខ្មែរ ឈរថតយ៉ាងសង្ហានៅបរិវេណប្រាសាទអង្គរវត្តរបស់ខ្មែរយើង បង្ហាញពីរូបរាងដ៏ស្រស់សង្ហាសមសួនគួរឱ្យពេញចិត្តណាស់។
គេចាំបានថា កាលមកថតខ្សែភាពយន្ត «ប្រុសលក់ខ្លួន» កាលពីពេលកន្លងទៅ Paing Takhon ក៏បង្ហាញពីសកម្មភាព និង បង្ហោះរូបថតបែបស្រុកខ្មែរ ជាមួយទឹកមុខញញឹមយ៉ាងស្រស់ បង្ហាញពីការពេញចិត្តចំពោះការរស់នៅរបស់ប្រជាជនតាមជនបទ ក៏ដូចជាវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើងបន្តិចម្ដងៗហើយ៕