ម៉ូដក្រចកវែងៗ ស្អាតៗ និង ឃ្យូតៗរបស់ Cardi B តាមពិតជាស្នាដៃរបស់ស្ត្រីខ្មែរម្នាក់នេះសោះ
ឲ្យតែឃើញក្រចកវែងៗ ស្រួចៗ ប្រិយមិត្តដែលនិយមស្តាប់ចម្រៀងបរទេសនឹងនឹកឃើញដល់តារាចម្រៀងរ៉េបស្រីសញ្ជាតិអាមេរិកដ៏ល្បីនោះគឺ Cardi B។ ជាការពិត យើងតែងស្គាល់ស្ទីលរបស់នាងតាមរយៈការលេងម៉ូដក្រចកវែងៗ ស្រួចៗ ជួនកាលបិតត្បូងធំៗ ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងរាល់ពេលនាងបង្ហាញមុខគ្រប់កម្មវិធី។ ស្ទីលក្រចករបស់នាងល្បីមិនត្រឹមតែនៅប៉ែកអឺរ៉ុបប៉ុណ្ណោះទេ សូម្បីតែនៅអាស៊ីក៏ពេញនិយមមិនធម្មតាដែរ។
កាន់តែគួរឲ្យចាប់អារម្មណ៍ ហើយក៏កាន់តែមិននឹកស្មានដល់ទៀតនោះ តាមពិតតារាចម្រៀងរ៉េបល្បីលំដាប់ពិភពលោករូបនេះជាម៉ូយក្រចកប្រចាំរបស់អ្នកច្នៃម៉ូដក្រចកល្បីឈ្មោះដែលគេស្គាល់ថា ជេននី ប៊ុយ (Jenny Bui) ដែលជាស្ត្រីខ្មែរ-ចិនកំពុងបើកសាឡនក្រចកដ៏ធំនៅលើទឹកដីអាមេរិក។
លោកស្រី ជេននី ប៊ុយ ល្បីល្បាញលើការធ្វើម៉ូដក្រចកត្បូងរហូតដល់គេដាក់រហស្សនាមឲ្យថា Queen of Bling ឬ រាជិនីភ្លឺផ្លេក។ ប្រិយមិត្តកម្ពុជាមួយចំនួនធំប្រហែលជាមិនសូវបានស្គាល់លោកស្រីនោះឡើយ តែបើក្រឡេកទៅខាងបរទេសវិញ លោកស្រីហាក់ល្បីល្បាញរហូតមានភ្ញៀវធំៗជាពិសេសតារាល្បីៗហោះហើរពីប្រទេសផ្សេងៗមកធ្វើដល់កន្លែងផ្ទាល់ដូចជាមកពី ហុងកុង ចិន ហ្វីលីពីន អូស្ត្រាលី អង់គ្លេស បារាំង និងអាហ្វ្រិកា ជាដើម។
និយាយពី Cardi B បើតាមការឲ្យដឹងពីលោកស្រី ជេននី លោកស្រីថា មែនទែនទៅ Cardi B ជាម៉ូយក្រចករបស់លោកស្រីតាំងពីនាងមិនទាន់ល្បីម្ល៉េះ។ នាងពេញចិត្តការធ្វើក្រចករបស់លោកស្រីខ្លាំង ដល់ថ្នាក់នាងទុកចិត្តឲ្យលោកស្រីជាអ្នកចេញម៉ូដឲ្យតែម្តង។ ជាក់ស្តែង មិនថាការចេញបទចម្រៀង ការចូលរួមកម្មវិធី និង ថតស្ពតពាណិជ្ជកម្មនានា ម៉ូដក្រចកទាំងប៉ុន្មានរបស់ Cardi B សុទ្ធសឹងចេញពីថ្វីដៃរបស់លោកស្រីផ្ទាល់។ មិនត្រឹមតែជាម៉ូយក្រចកប៉ុណ្ណោះទេ Cardi B និង លោកស្រី ជេននី ក៏រាប់អានគ្នាយ៉ាងជិតស្និទ្ធផងដែរ។ ដូចជាកម្មវិធីខួបកំណើតរាល់ឆ្នាំ របស់ Cardi B គឺតែងតែមានវត្តមានលោកស្រីចូលរួមជានិច្ច។
និយាយពីលោកស្រី ជេននី ប៊ុយ វិញ លោកស្រីចាប់កំណើតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧០ ជាកូនពៅក្នុងចំណោមបងប្អូន ៨ នាក់ (ប្រុស ៣ ស្រី ៥)។ នៅវ័យ ១៦ ឆ្នាំ លោកស្រីបានចេញទៅរស់នៅប្រទេសកាណាដា ដោយបានសិក្សាថ្នាក់វិទ្យាល័យរយៈពេល ៦ ឆ្នាំ រួចក៏ផ្លាស់ទៅរស់នៅទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក។ នៅទីនោះលោកស្រីបានសាងគ្រួសារ ហើយក៏បានចាប់ផ្តើមបើកសាឡនក្រចកជាបន្តបន្ទាប់រហូតល្បីល្បាញមកដល់សព្វថ្ងៃ។
គួរឲ្យដឹងដែរថា ក្រៅពីអាជីពច្នៃម៉ូដក្រចក លោកស្រី ជេននី ប៊ុយ ក៏ជាស្ត្រីដ៏មានឥទ្ធិពលផងដែរ។ កាលពីឆ្នាំ ២០១៩ លោកស្រីបានទទួលពានរង្វាន់ប្រចាំឆ្នាំជាអ្នកឯកទេសសិល្បៈក្រចកដ៏មានឥទ្ធិពលនៅក្នុងកម្មវិធី American Influencer Award នៅហូលីវូដ និង ត្រូវបានជ្រើសរើសជាគណៈកម្មការក្នុងកម្មវិធីប្រកួតឯកទេសសាឡនប្រចាំឆ្នាំ ២០២០ Beauty Envision Award។ លោកស្រីក៏ធ្លាប់ជាទូតសុឆន្ទៈប្រចាំគ្រឿងសម្អាងក្រចកដ៏ល្បីម៉ាក OPI ផងដែរ។
ក្រៅពី Cardi B ក្នុងនោះក៏មានតារាល្បីៗផ្សេងទៀតជាម៉ូយប្រចាំដូចជា Yandy Smith, Queen Naija, Thalia, Lauren London និង Chanel West Coat ជាដើម។
ប្រឡូកអាជីពក្រចកជាង ២០ ឆ្នាំ និង ជាស្ត្រីមានកូន ៥ នាក់ លោកស្រីមានជីវិតតស៊ូលំបាកជាច្រើនទម្រាំមកដល់ចំណុចនេះ លោកស្រីផ្តាំផ្ញើថា ៖ «ខ្ញុំចង់ផ្តាំទៅដល់ស្ត្រីគ្រប់រូបត្រូវខិតខំធ្វើការដោយខ្លួនឯង ពេលយើងអាចរកលុយដោយខ្លួនឯងបាន ទើបគ្មានអ្នកណាហ៊ានមកមានឥទ្ធិពលលើយើង។ ទោះបីយើងក្រយើងកុំបោះបង់ការតស៊ូ បើយើងតស៊ូគង់មានថ្ងៃណាមួយយើងនឹងក្លាយជាអ្នកមានដូចគេដែរ»៕