ទីបំផុតកម្មវិធីប្រឡងចម្រៀងរ៉េបចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ The Rapper Cambodia បានបង្ហាញវត្តមានដំបូងក្នុងប្រទេសកម្ពុជាហើយ!
កាលពីល្ងាចថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន ៣) ផលិតកម្មបារមីបានធ្វើសន្និសីទសារព័ត៌មានស្តីការបង្ហាញវត្តមានដំបូងក្នុងប្រទេសកម្ពុជានូវកម្មវិធី The Rapper Cambodia ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េបចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងសន្និសីទសារព័ត៌មាននេះមានការចូលរួមពីសំណាក់ នាយិកាប្រតិបត្តិ CEO នៃផលិតកម្មបារមី កញ្ញា ឡរ៉ា ម៉ម, នាយប្រតិបត្តិទីផ្សារ CMO នៃផលិតកម្មបារមី លោក អែនឌ្រូ ម៉ម, តំណាងខាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស លោក ផនមុត ច័ន្ទឧត្តម, នាយិកាប្រតិបត្តិផលិតកម្ម ភ្លើងគប់ កញ្ញា រិទ្ធី លម្អពេជ្រ, គណៈកម្មការទាំងពីរ ២ រូប (ត្រូវបានស្គាល់ថាជាផលិតករ) នៃកម្មវិធីគឺកំពូលសិល្បករ លោក វណ្ណដា (ផលិតកម្មបារមី) និង លោក ជូវីលីន (ផលិតកម្មបារមី) រួមជាមួយគ្រូបង្វឹក (Coach) ដែលសុទ្ធសឹងតែជាតារាចម្រៀងរ៉េបមានទេពកោសល្យ និង កេរ្តិ៍ឈ្មោះបោះសំឡេងក្នុងវិស័យតន្ត្រីដូចជា លោក Khmer1Jivit, លោក Norith (ផលិតកម្មបារមី) លោក Kingchi (CG Movement), លោក Ruthko (KlapYahandz) និង តារាចម្រៀងរ៉េប លោក វិន វិទូ (ផលិតកម្មក្លាបយ៉ាហ៊ែន)។
កម្មវិធី The Rapper Cambodia ផ្តោតសំខាន់ទៅលើការស្វែងរកបេក្ខជនដែលមានទេពកោសល្យជំនាន់ថ្មីក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ឱកាស ក៏ដូចជាឆាកវេទិកាបញ្ចេញសមត្ថភាពចម្រៀងរ៉េប សមត្ថភាពក្នុងការលេងពាក្យសម្តី រួចសរសេរដាក់ចូលក្នុងអត្ថបទចម្រៀងរបស់ខ្លួនយកទៅច្រៀងរ៉េបឲ្យទស្សនិកជនជ្រួតជ្រាប។ បេក្ខជនចូលរួមការប្រឡង ឬហៅថា Rappers ត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយមានសមត្ថភាព និង ទេពកោសល្យខ្ពស់ក្នុងការនិពន្ធ និង ច្រៀងរ៉េបដើម្បីទាក់ទាញចិត្ត ចំណាប់អារម្មណ៍ ការស្ងើចសរសើរពីគណៈកម្មការ ២ រូប និង ទស្សនិកជនដែលកំពុងទស្សនាតាមរយៈការជួយជ្រោមជ្រែងបង្ហាត់ណែនាំពីគ្រូបង្វឹកម្នាក់ក្នុងចំណោម ៤ រូបផងដែរ។
បេក្ខជនដែលជាម្ចាស់ជ័យលាភីនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ ៤០ លានរៀល ឬ ស្មើនឹង ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក៏ដូចជាឱកាសចាប់ផ្តើមអាជីពជាតារាចម្រៀងរ៉េប ការចូលរួមសម្តែងផ្សេងៗនាពេលអនាគត។ កម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹងធ្វើការចាក់ផ្សាយវគ្គដំបូងលើកញ្ចក់ទូរទស្សន៍បាយ័ន នៅថ្ងៃអាទិត្យទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ១០:៣០ នាទី រីឯវគ្គបន្តបន្ទាប់នឹងចាក់ផ្សាយជារៀងរាល់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣។ សម្រាប់វគ្គចុងបញ្ចប់រដូវកាលទី ១ នឹងមានធ្វើការចាក់ផ្សាយបន្តផ្ទាល់ពីឆាកវេទិកាប្រឡងក្នុងរាជធានីភ្នំពេញ។
The Rapper Cambodia ត្រូវបានផលិតដោយផលិតកម្មបារមី រួមសហការជាមួយភ្លើងគប់។ កម្មវិធីនេះត្រូវបានឧបត្តម្ភផ្តាច់មុខដោយក្រុមហ៊ុនស្រាបៀរហនុមាន ដែលជាក្រុមហ៊ុនស្រាបៀរទទួលបានការពេញនិយមឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលស្រឡាញ់ចូលរួមលើកស្ទួយវិស័យសិល្បៈចម្រៀងរ៉េបនៃកម្មវិធីនេះយ៉ាងមានមោទកភាពក្រៃលែងផងដែរ។
លោក ផនមុត ច័ន្ទឧត្តម តំណាងខាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បាននិយាយថា ៖ «ពួកយើងមានមោទកភាពក្រៃលែងដែលបានចូលរួមឧបត្ថម្ភកម្មវិធីដ៏ល្បីល្បាញ មានប្រជាប្រិយភាពក្នុងការចូលរួមជួយលើកស្ទួយភាពអស្ចារ្យនៃសិល្បករ សិល្បការនី ទាំងក្មេង ចាស់»។ ក្រុមហ៊ុនស្រាបៀរ ហនុមាន មានភាពជឿជាក់ក្នុងការវិនិយោគទៅលើសិល្បករជំនាន់ក្រោយដែលមានសមត្ថភាព និង ទេពកោសល្យក្នុងការជួយឱ្យសិល្បៈវប្បធម៌ខ្មែររីកចម្រើនរុងរឿងល្បីសុះសាយគ្រប់ទិសទីគ្រប់សម័យកាលនាពេលអនាគត»។
កញ្ញា ឡរ៉ា ម៉ម នាយិកាប្រតិបត្តិ CEO នៃផលិតកម្មបារមី ហើយក៏ជា ផលិតករប្រតិបត្តិ Executive Producer នៃកម្មវិធី The Rapper Cambodia បានបង្ហើបឱ្យដឹងថា ៖ «ផលិតកម្មបារមីមានគោលជំហរក្នុងការធ្វើវិនិយោគទុនទៅលើការងារសិល្បៈខ្មែរ ក៏ដូចជាសិល្បៈករសិល្បៈការិនីខ្មែរ ហើយដែលសំខាន់បំផុតនោះគឺប្រជាជនខ្មែរដែលជាទស្សនិកជនដ៏ធំចម្បង។ ពួកយើងតែងតែស្វះស្វែងរកការច្នៃប្រតិដ្ឋថ្មី ៗដើម្បីលើកកម្ពស់កម្រិត និង គុណភាពនៃសិល្បៈខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់ និង ទាន់សម័យជានិច្ច។ ពួកយើងបានឃើញភាពជោគជ័យក្នុងការបង្កើតពន្លកតារាចម្រៀងរ៉េបថ្មីៗឱ្យរះឡើងយ៉ាងត្រចះត្រចង់របស់កម្មវិធី The Rapper ប្រទេសថៃ និង ប្រទេសវៀតណាម ហើយពួកយើងក៏មានគំនិតសុទិដ្ឋិនិយមខ្ពស់ថាវាក៏អាចកើតឡើងបានដូចគ្នាដែរក្នុងប្រទេសកម្ពុជា។ ពួកយើងសូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ក្រុមហ៊ុនស្រាបៀរ ហនុមាន ដែលតែងតែចូលរួមសកម្មភាពគាំទ្រលើកស្ទួយកម្មវិធីសិល្បៈ និងវប្បធម៌ខ្មែរ។ ពួកយើងទាំងអស់គ្នាជឿជាក់ថា ពួកយើងអាចមានសមត្ថភាពធ្វើការផ្លាស់ប្តូរវប្បធម៌ឱ្យកាន់តែល្អប្រសើរឡើង ហើយនឹងបន្តពង្រីកសក្តានុពលនៃប្រទេសកម្ពុជាឱ្យរុងរឿងថ្កើងថ្កានគ្រប់ទិសទី»។
លោក អែនឌ្រូ ម៉ម នាយកប្រតិបត្តិទីផ្សារ CMO នៃផលិតកម្មបារមី ក៏បានចូលរួមចំណែកក្នុងកម្មវិធី The Rapper Cambodia ផងដែរ ដោយមានតួនាទីជានាយកប្រតិបត្តិ និង ដឹកនាំសម្តែង Executive Producer។ លោកបានប្រាប់ថា ៖ «ពួកយើងមានអារម្មណ៍ថាកំពុងតែស្ថិតនៅក្នុងអន្តរកាលមួយដែលផលិតកម្មតន្ត្រីនានាក្នុងប្រទេសកម្ពុជាងាកមកចូលរួមសាមគ្គីគ្នាជាក្រុមតែមួយដើម្បីអភិវឌ្ឍវិស័យសិល្បៈតន្ត្រីខ្មែរឱ្យកាន់តែរីកធំធាត់ឡើង ជាពិសេសស្មារតី មនសិកា និង ឧត្តមគតិក្នុងការជម្រុញលើកកម្ពស់ ឱ្យកាន់តែរុងរឿងខ្ពស់ត្រដែតឡើង ដែលព្រឹត្តិការណ៍បែបនេះមិនដែលកើតមានឡើងពីមុនមកសោះ។ ចាប់ផ្តើមពីផលិតកម្ម បារមី បន្ទាប់មកផលិតកម្ម CG Movement ក្រោយមក KlapYaHandz ហើយរហូតដល់សូម្បីតែ កំពូលតារាចម្រៀងរ៉េបជើងចាស់ Legendary ខ្មែរមួយជីវិត ក៏ជិះយន្តហោះមកស្រុកខ្មែរ ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏សែនអស្ចារ្យមួយនេះផងដែរ។ The Rapper Cambodia ឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផលនៃការចូលរួមសហការផលិត និងការបោះជំហានទៅមុខនៃវិស័យតន្ត្រីកម្ពុជា។ ពួកយើងបានស្រម៉ៃឃើញវិស័យតន្រ្តីមួយដែលសិល្បករមកពីគ្រប់ទិសទីអាចចូលមកចូលរួមបង្កើតបទចម្រៀងដ៏ពីរោះអស្ចារ្យទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ»។
កញ្ញា រិទ្ធី លម្អពេជ្រ ហៅ យ៉ូគិ ដែលជាអ្នកដឹកនាំ Director នៃកម្មវិធី The Rapper Cambodia និងជានាយិកាប្រតិបត្តិនៃផលិតកម្ម ភ្លើងគប់ បានខ្សឹបប្រាប់ថា៖ «នៅពេលខ្ញុំថត ជួប ស្តាប់ បេក្ខជននានា មានប្រធានបទមួយបានលេចចេញឡើងនៅពីខាងមុខនៃគោលបំណងផលិតកម្មវិធីនោះគឺ ក្តីសង្ឃឹម។ វាពុំមែនគ្រាន់តែជាក្តីសង្ឃឹមរៀងខ្លួនឡើយ ប៉ុន្តែវាគឺជាក្តីសង្ឃឹមនៃរបៀបដែលយើងបង្កើត សិល្បៈដែលជម្រុញឱ្យមានការផ្លាស់ប្តូរជីវិត ផ្លាស់ប្តូរពិភពលោក។ ខ្ញុំមិនគិតថា ខ្ញុំធ្លាប់បានឃើញបេក្ខជនធ្វើការដាក់បន្ទាបខ្លួនចង់ដឹង ចង់រៀន ចង់ចែករំលែករឿងផ្ទាល់ខ្លួនផ្សេងៗយ៉ាងមានមោទកភាពសម្បើមអស្ចារ្យ ជាពិសេសមោទកភាពជាតិខ្មែរ ហើយក៏មានរឿងរ៉ាវបេក្ខជនខ្លះនឹងធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាចាក់ដោត ញ័រទ្រូង ហូរទឹកភ្នែក អួលដើមករដោយមិនដឹងខ្លួន ដែលរឿងទាំងនេះអាចត្រលប់ជាថ្នាំព្យាបាលរបួសផ្លូវចិត្តរបស់ពួកគេទៅវិញ។ ខ្ញុំជឿថាកម្មវិធី The Rapper Cambodia នឹងធ្វើឱ្យរញ្ជួយញាប់ញ័រវិស័យសិល្បៈតន្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយវាក៏ចូលរួមចំណែកជួយលុបបំបាត់ផ្នត់គំនិតអវិជ្ជមានដែលប្រជាជនកម្ពុជាធ្លាប់មានចំពោះសិល្បៈចម្រៀង Hip Hop ផងដែរ។ កម្មវិធីនេះនឹងបើកចំហរទ្វារថ្មីដើម្បីទទួលយកបណ្តាសំនៀងថ្មីៗពីគ្រប់តំបន់ក្នុងប្រទេស ហើយធ្វើការផ្លាស់ប្តូរផ្ទាំងទស្សនីយភាពក្នុងវិស័យតន្ត្រីកម្ពុជា»។
កំពូលតារាចម្រៀងរ៉េប និង ជាផលិតករ លោក វណ្ណដា ដែលជាគណៈកម្មការក្នុងកម្មវិធី និងមានតួនាទី វិនិច្ឆ័យសមត្ថភាព ប្រឹក្សាឱ្យយោបល់ ហើយក៏ជាតារានាំបណ្តាលចិត្តបេក្ខជនមកចូលរួមប្រឡងផងដែរ។ លោក វណ្ណដា បាននិយាយថា៖ «ជំរាបសួរទាំងអស់គ្នា! ខ្ញុំពិតជាមានអារម្មណ៍ថារីករាយ និង សប្បាយចិត្តជាខ្លាំងដែលបានចូលរួមនៅក្នុងកម្មវិធី សន្និសីទសារព័ត៌មាននៅក្នុងថ្ងៃនេះ ក៏ដូចជាធ្វើជា Prodcuer នៅក្នុងកម្មវិធី The Rapper Cambodia ។ កាលពីខ្ញុំនៅតូច ខ្ញុំនៅជាមួយគ្រួសារមួយដែលមានឱពុកម្ដាយគឺជាអ្នកលក់ដូង ហើយខ្ញុំត្រឹមជាក្មេងកោសដូងម្នាក់ប៉ុណ្ណោះ។ ជីវិតវាហាក់ឆ្លងកាត់រឿងជាច្រើនទម្រាំអាចមកដល់ថ្ងៃនេះ ជាច្រើនឆ្នាំកន្លងមក ខ្ញុំនៅជាមួយ បារមី ឃើញថាពួកយើងបានធ្វើរឿងដែលអស្ចារ្យជាច្រើនសម្រាប់វិស័យចម្រៀង Rap និង HipHop នៅក្នុងប្រទេសកម្ពុជារបស់យើ់ង។ ខ្ញុំតែងតែប្រាប់ទៅដល់អ្នកសិល្បករជំនាន់ក្រោយថា យើងអាចចាប់ផ្ដើមក្ដីស្រមៃរបស់យើងបានគ្រប់ពេលវេលា ទោះបីជានៅក្នុងបន្ទប់គេងក៏យើងអាចចាប់យកឱកាសនៅក្នុងការរៀនសរសេរបទចម្រៀង កុំចាំរហូតទាល់តែអ្នកទាំងអស់គ្នាមានពេល ប៉ុន្តែសូមចាប់ផ្ដើមពីឥលូវនេះ។ តាមចាប់ក្ដីស្រមៃរបស់អ្នក ដោយមានភាពជឿជាក់ទៅលើខ្លួនឯង មានភាពអត់ធ្មត់ និងការតស៊ូព្យាយាម ហើយខ្ញុំជឿថាអ្នកអាចធ្វើវាបាន “You can be great without being greater than anybody else” បច្ចុប្បន្ននេះ ខ្ញុំឃើញថាក្មេងជំនាន់ក្រោយដែលពួកគាត់ពោរពេញទៅដោយសមត្ថភាព។ កាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំមិនមានអ្វីនោះទេ ប៉ុន្តែខ្ញុំមានសម្លេង សម្លេងដែលខុសពីអ្នកដ៏ទៃ ហេតុនេះខ្ញុំត្រូវប្រើប្រាស់សម្លេងមួយនេះប្រកបដោយភាពត្រឹមត្រូវ សុចរិត និងមានទំនួលខុសត្រូវ។ ហើយនេះគឺជាគន្លឺះមួយក្នុងចាប់ផ្ដើមស្វែងរកក្ដីស្រមៃរបស់ខ្លួនឯង»។
រីឯលោក ជូវី លីន ដែលជាផលិតករនៃកម្មវិធី ហើយក៏ជាតារាចម្រៀងប៉ុបដ៏ល្បីល្បាញមួយរូបមកពីក្រុម Polarix លោកគឺជាសិល្បករពហុជំនាញដ៏ឆ្នើមក្នុង ការច្រៀង ដឹកនាំសម្តែង ថតវីដេអូ បញ្ចេញគំនិតច្នៃប្រតិដ្ឋផ្សេងៗ។ លោក ជូវីលីន មានស្នាដៃជួយផលិតកម្មបារមីឱ្យឈានរះខ្ពស់ឡើងលើឆាកអន្តរជាតិនានា គាត់មានបទពិសោធធ្វើការជានាយកផ្នែកការដឹកនាំសម្តែង និងបង្កើតគំនិតច្នៃប្រតិដ្ឋរយៈពេល ៤ ឆ្នាំជាង។ លោក ជូវីលីន បាននិយាយថា ៖ «សួស្ដី ជាដំបូងខ្ញុំបាទ ជូវី លីន សូមគោរពទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងគ្រប់ផលិតកម្មដែលបានចូលរួមក្នុងការផលិតកម្មវិធី The Rapper Cambodia ឆ្លៀតឱកាសនេះខ្ញុំសូមណែនាំខ្លួនជាថ្មីម្ដងទៀតទៅកាន់ទស្សនិកជនដែលទស្សនាផ្ទាល់ និងតាមរយៈ Live ខ្ញុំបានចូលរួមផលិតនៅការងារសិល្បៈជាច្រើន ជាពិសេសនៅក្នុងការដឹកនាំ ចក្ខុវិស័យរបស់សិល្បករ សិល្បការិនីឱ្យចេញទៅក្លាយជារូបរាង ដោយការងារទាំងអស់នេះបានបង្រៀន និងបង្ហាញខ្ញុំឱ្យឃើញគ្រប់ជ្រុងជ្រោយនៃវិស័យសិល្បៈនៅប្រទេសខ្មែរយើង ហើយក៏សូមអរគុណទៅកាន់ The Rapper Cambodia ដែលបានជ្រើសរើសខ្ញុំធ្វើជា Producer មួយរូប ហើយនេះគឺជាឱកាសដែលអាចជួយឱ្យខ្ញុំសម្រេចបំណងមួយ ដែលតែងតែចង់ជម្រុញ បណ្ដុះបណ្ដាល និងចែករំលែកទៅដល់សិល្បករ សិល្បការិនីជំនាន់ក្រោយនេះ។ ជាចុងក្រោយ ខ្ញុំសូមអញ្ចើញពូមីង បងប្អូនខ្មែរយើងទាំងអស់គ្នាចូលរួមទស្សនា ក៏ដូចជាជួយលើកដម្កើនវិស័យសិល្បៈ Hip Hop ឱ្យកុះករជានេះ ខ្ញុំហ៊ានធានាថាអ្នកទាំងអស់គ្នានឹងបានឃើញកម្មវិធីប្រលងរ៉េបដ៏អស្ចារ្យដំបូងបំផុតនៅប្រទេសខ្មែរ ព្រមទាំងបានឃើញសិល្បករ សិល្បការិនីដែលត្រៀមរះ សូមអរគុណ»។
គួរឲ្យដឹងដែរថា «The Rapper» គឺជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏កំពុងមានប្រជាប្រិយភាពដែលមានដើមកំណើតចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធិយកទៅផលិតនៅក្នុងប្រទេសវៀតណាម។ ទាំង The Rapper ថៃ និង វៀតណាមគឺជាកម្មវិធីប្រឡងចម្រៀងរ៉េបដែលទទួលបានការពេញនិយមទស្សនាជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសហើយបានបង្កើតធនធានតារារ៉េបដែលមានសមត្ថភាព និង ទេពកោសល្យជាច្រើនដូចជា Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, NameMT រួមទាំងតារាចម្រៀងរ៉េបផ្សេងៗជាច្រើនរូបទៀត៕