ផ្អែមណាស់! Charlie Puth ទម្លាយអារម្មណ៍ពិត ក្រោយសុំមិត្តស្រីរៀបការបានសម្រេច
អ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះរបស់តារាចម្រៀងអាមេរិក Charlie Puth និង មិត្តស្រីរបស់លោកគឺ Brooke Sansone ដោយបានប្រកាសក្តែងៗថា លោកបានសុំនាងរៀបការដោយជោគជ័យហើយ។
ជាមួយគ្នានោះដែរ លោកក៏បានទម្លាយពីអារម្មណ៍ពិតយ៉ាងរំភើបចិត្តជាមួយនឹងរូបថតគូស្នេហ៍ថា ៖ «ខ្ញុំបានជិះយន្តហោះទៅញូវយ៉ក ដើម្បីសុំមិត្តស្រីរបស់ខ្ញុំរៀបការ ហើយនាងក៏បានយល់ព្រមជាមួយនឹងខ្ញុំ។ ពេលនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ អរគុណអូន Brookie បងសន្យាស្រឡាញ់អូនរហូតគ្មានថ្ងៃប្រែឡើយ»។
លើសពីនេះ អ្វីដែលអ្នកគាំទ្រផ្តោតការចាប់អារម្មណ៍ខ្លាំងទៀតនេះ គឺចិញ្ចៀនពេជ្រគ្រាប់ធំភ្លឺចែងចាំងពាក់នូវមម្រាដៃនាងរបស់មិត្តស្រីរបស់តារាប្រុសរូបនេះ មើលទៅអ្នកទាំងពីរកំពុងតែមានភាពរីករាយជាមួយគ្នាយ៉ាងមានសុភមង្គលណាស់។
ទោះជាមានការប្រកាសអំពីដំណឹងរៀបការក៏ដោយ ក៏គម្រោងថ្ងៃរៀបការរបស់ Charlie Puth បច្ចុប្បន្ននេះ មិនទាន់បានកំណត់ថ្ងៃច្បាស់លាស់នោះឡើយ តែការបង្ហាញកាយវិការផ្អែមល្ហែមដាក់មិត្តស្រីរបស់លោកបែបនេះ ធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រលួចច្រណែនមិនតិចនោះទេ ពេលនេះ៕