ទើបកាត់ចិត្តបានខ្លះ! Green ចេញមុខទម្លាយពីទំនាក់ទំនងថ្មី ជាមួយ Thanwa ជាអតីតសង្សារ
កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្រីស្រស់ Green Ausadaporn បានចេញមកទម្លាយច្បាស់ៗថា ពេលនេះទំនាក់ទំនងនាងជាមួយនឹងតារាសម្ដែងប្រុស Thanwa Suriyajak បានដល់ផ្លូវបញ្ចប់ហើយ ដោយអ្នកទាំងពីរសល់ឈ្មោះត្រឹមមិត្តភក្តិប៉ុណ្ណោះ។
ក្រោយពីចែកផ្លូវដាច់ស្រេចស្រីស្រស់ Green បានធ្វើដំណើរកម្សាន្តទៅប្រទេសកូរ៉េដើម្បីលម្ហែកាយ និង កាត់ចិត្តពីរឿងរ៉ាវស្នេហាកន្លងមក។ ដោយឡែក នៅពេលនេះ នាងបានវិលត្រឡប់មកប្រទេសថៃវិញហើយ។ ក្នុងនោះ គ្រាន់តែមកដល់ថៃភ្លាមតារាស្រី Green បានឡើងផ្តល់បទសម្ភាសភ្លែតជុំវិញបញ្ហាស្នេហារបស់នាងដែលមហាជនខ្លះហាក់មិនជ្រះស្រឡះ។
តាមបទសម្ភាស Green បានឱ្យដឹងថា ស្នេហានាង និង តារាសម្ដែង Thanwa បានបញ្ចប់ទៅហើយ តែយ៉ាងចំណងមិត្តភាពនៅតែរាប់អានគ្នា។ តួយ៉ាងសូម្បីតែសព្វថ្ងៃក៏នាង និង អតីតសង្សារនៅនិយាយគ្នាដែរ ហើយបើពាក់ព័ន្ធនឹងជនទី ៣ នោះគឺពុំមានទេ ការបែកគ្នានេះគឺបែកដោយសន្តិភាព៕