ទីបំផុត! តុលាការទម្លាយពីហេតុផល បន្តច្រានចោលដីកាចាប់ខ្លួន Yoo Ah In ជាលើកទីពីរ
កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ តុលាការក្រុងសេអ៊ូលបានប្រកាសសម្រេចក្នុងការបដិសេធដីកាចាប់ខ្លួនលើកទីពីររបស់តារាសម្ដែង Yoo Ah In។
តារាសម្ដែងកូរ៉េដ៏ល្បីរូបនេះ ត្រូវបានតំណាងអយ្យការស្នើសុំដីកាចាប់ខ្លួន ដោយចោទប្រកាន់ពីបទបំពានច្បាប់ប្រើគ្រឿងញៀន បំផ្លាញភស្តុតាង និងគេចពីឧក្រិដ្ឋកម្ម។
យោងតាមលទ្ធផលនៃការស៊ើបអង្កេត តារាសម្ដែងជើងចាស់វ័យ ៣៦ ឆ្នាំរូបនេះ បានរងការចោទប្រកាន់ថាបានប្រើប្រាស់សារធាតុហាមឃាត់ ៨ ប្រភេទ រួមមាន Propofol, កញ្ឆា, Ketamine, Cocaine, Zolpidem, Midazolam, Alprazolam និង សារធាតុហាមឃាត់សំខាន់មួយទៀត ដែលប៉ូលិសមិនទាន់បង្ហើបជាសាធារណៈ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីមានរឿងចម្រូងចម្រាសជាច្រើនបានចុះផ្សាយពីការបដិសេធដីកាចាប់ខ្លួន Yoo Ah In ភ្លាមនោះ ប្រធានចៅក្រមនៃតុលាការក្រុងសេអ៊ូល បានបកស្រាយពន្យល់ពីហេតុផលនៃការច្រានចោលដីកាចាប់ខ្លួន Yoo Ah In ថា៖ «ទោះបីជា Yoo Ah In បានសារភាពថាបានប្រព្រឹត្តខុសនឹងច្បាប់ក៏ដោយ ក៏ភស្តុតាងជាច្រើនដែលប្រមូលបាន មិនមានរកឃើញថាជនសង្ស័យជាប់បទឧក្រិដ្ឋកម្មទេ លើសពីនេះ Yoo Ah In ក៏មានទីលំនៅរស់នៅច្បាស់លាស់ដែរ ដូច្នេះក្នុងដំណាក់កាលនេះ ការចាប់ខ្លួនជនសង្ស័យគឺមិនចាំបាច់ ឬ រកហេតុផលចាប់ខ្លួនទេ»។
ជាមួយគ្នានោះដែរ ទាក់ទិននឹងការចោទប្រកាន់ថា Yoo Ah In បានបង្ខំអ្នកស្គាល់គ្នាឱ្យជក់កញ្ឆានៅអាមេរិក ចៅក្រមបាននិយាយថា ក្នុងកាលៈទេសៈនេះ Yoo Ah In នៅតែគួរឱ្យសង្ស័យ ត្រូវការការស៊ើបអង្កេតបន្ថែមផងដែរ៕