ទោះបែកគ្នាជិតមួយឆ្នាំ HyunA បង្ហាញទង្វើដ៏រំភើបដាក់ Dawn ធ្វើឱ្យអ្នកគាំទ្រលួចញញឹម
កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងប្រុស Dawn បានបញ្ចេញនូវបទចម្រៀងថ្មី «Heart» ជាស្នាដៃថ្មីរបស់លោក ក្រោយខកខានអស់ជាច្រើនខែ។
ក្នុងនោះដែរ ក៏បានឃើញវត្តមានរបស់តារាចម្រៀងស្រីទោល HyunA បានបង្ហាញការគាំទ្រ និង លើកទឹកចិត្តចំពោះការចេញនូវបទចម្រៀងថ្មី «Heart» របស់អតីតសង្សាររបស់នាង បង្ហោះនៅលើ SNS ហើយនេះក៏ជាការលើកទឹកចិត្តចំពោះការវិលត្រឡប់មកវិញរបស់ Dawn ផងដែរ។
ដូចដែលអ្នកគាំទ្របានដឹងមកហើយ HyunA និង Dawn បានបង្ហាញនូវទំនាក់ទំនងស្នេហារបស់ពួកគេក្នុងឆ្នាំ ២០១៦ ប៉ុន្តែគួរឱ្យសោកស្តាយអ្នកទាំងពីរក៏បានបែកគ្នាកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ដោយ HyunA ផ្ទាល់បានបង្ហោះសារនៅលើ SNS ថា៖ «ពួកយើងបានបែកគ្នាហើយ ប៉ុន្តែយើងនៅតែជាមិត្តល្អ និង ជាដៃគូការងារជាមួយគ្នាដដែលចាប់ពីពេលនេះទៅ។ អរគុណអ្នកទាំងអស់គ្នា តែងតែស្រឡាញ់ និង គាំទ្រពួកយើងកន្លងមក»។
ពិតណាស់ បើទោះជា HyunA និង Dawn បានបែកគ្នាហើយក៏ដោយ ប៉ុន្តែពួកគេនៅតែបង្ហាញការគាំទ្រចំពោះគ្នាទៅវិញទៅមក ជាហេតុដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតសប្បាយចិត្តពេលឃើញអ្នកទាំងពីរនៅតែរក្សាមិត្តភាពល្អៗជាមួយគ្នាទៅវិញទៅមក៕