ផ្ទេរតំណែងមកុដដល់ប្អូនស្រី តែ រ៉េត សារីតា បែរជាស្រឡាំងកាំង ព្រោះរឿងនេះ
ពិតជាសាទរ ចំពោះ រ៉េត ស្រីនាថ ដែលជាប្អូនស្រីរបស់បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០២០ រ៉េត សារីតា ដែលនាងត្រូវបានជ្រើសរើស និង តែងតាំងផ្លូវការជា Miss CosmoWorld Cambodia 2023 កាលពីរាត្រីម្សិលមិញនេះ។
អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង នៅវិនាទីប្រកាសផ្ទេរតំណែងឃើញថា រ៉េត សារីតា គឺជាអ្នកបំពាក់មកុដឱ្យប្អូនស្រីរបស់ខ្លួនផ្ទាល់តែម្តង។ ទាក់ទិននឹងរឿងនេះ តាមការឱ្យដឹងពី រ៉េត សារីតា គឺនាងមិនដឹងខ្លួនសោះឡើយថា ប្អូនស្រីរបស់ខ្លួនត្រូវបានជ្រើសរើស ហើយក៏មិនដឹងខ្លួនថាជាអ្នកត្រូវឡើងបំពាក់មកុដដល់ប្អូនស្រីរបស់ខ្លួនឡើយ។
រ៉េត សារីតា ប្រាប់ថា ៖ «តាមពិតទៅម្សិលមិញខ្ញុំអត់ដឹងសោះថាថ្នាក់លើគាត់ឱ្យខ្ញុំមានតួនាទីជាអ្នកបំពាក់មកុដផ្ទេរតំណែងទៅកាន់ប្អូនស្រីខ្លួនឯង។ និយាយទៅថ្នាក់លើគាត់ Surprise ខ្ញុំតែម្តង។ ខ្ញុំឡើងស្រឡាំងកាំង ហើយសប្បាយចិត្តខ្លាំងមែនទែន ពេលហ្នឹងចង់ទឹកភ្នែករលីងរលោងដែលមិននឹកស្មានដល់ខ្ញុំមានឱកាសបានបំពាក់មកុដឱ្យប្អូនខ្លួនឯង វាហាក់ដូចយើងជាអ្នកបញ្ជូនប្អូនស្រីរបស់យើងទៅប្រកួតស្រុកគេអីចឹង»។
ក្នុងនាមជាបងស្រី រ៉េត សារីតា បានលើកឡើងពីសមត្ថភាពរបស់ប្អូនយ៉ាងដូច្នេះ ៖ «ស្រីនាថ គាត់មានចំណុចពិសេសច្រើនណាស់ សម្រាប់វិស័យបវរកញ្ញាគាត់សិក្សាបានច្រើន យល់ដឹងបានច្រើន និយាយទៅគាត់ប្រឡូកមុនខ្ញុំទៅទៀត គាត់មានចំណេះដឹង រួមជាមួយរូបសម្បត្តិព្រមគ្នា។ ការនិយាយស្តីរបស់គាត់ប្រកបដោយចំណេះដឹង គាត់ពូកែទំនាក់ទំនង និង អាចបត់បែនបានគ្រប់កាលៈទេសៈ។ ជួនកាលខ្ញុំរៀនពីគាត់ទៀងផង»។
គួរឱ្យដឹងដែរថា រ៉េត ស្រីនាថ បវរកញ្ញា Miss CosmoWorld Cambodia 2023 នឹងតំណាងឱ្យកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ នៅឯប្រទេសម៉ាឡេស៊ី នាខែវិច្ឆិកាខាងមុខ។ នេះជាលើកទីមួយហើយសម្រាប់នាងក្នុងការបោះជំហានទៅកាន់ឆាកអន្តរជាតិ ខណៈដែលកន្លងមកនាងធ្លាប់តែឈរជើងប្រកួតលើឆាកជាតិដូចជាកម្មវិធី Miss Grand Cambodia កាលពីឆ្នាំ ២០១៧។ តាមរយៈចំណេះដឹង និង សមត្ថភាពអាចនិយាយបានរហូតដល់ទៅ ៥ ភាសា យើងសង្ឃឹមថាឆ្នាំនេះនាងនឹងអាចដណ្តើមមកុដជូនប្រទេសជាតិយើង៕