បានមួយចប់! វណ្ណថាន សិល្បករពហុជំនាញចេះលេងឧបករណ៍តន្ត្រីដល់ទៅ ២៨ មុខ ហើយជាបុគ្គលតែម្នាក់នៅពីក្រោយភ្លេងខ្មែររបស់បារមី
យើងដឹងហើយថា «បារមី» គឺជាផលិតកម្មចម្រៀង Original Song ឬ ផលិតបទចម្រៀងបង្កើតថ្មីដ៏ល្បី និង មានឥទ្ធិពលមួយនៅអាស៊ី ដែលបាននាំយកសិល្បៈចម្រៀងខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជាមួយការបង្កើតបទថ្មី បទចម្រៀងបែបទំនើប ជាពិសេសបទបែបរ៉េបត្រូវចិត្តយុវវ័យ ក្នុងនោះបទភ្លេងនីមួយៗសុទ្ធតែបានច្បិចលាយបញ្ចូលគ្នានូវភ្លេងបុរាណខ្មែរ និង ភ្លេងសម័យ ដែលស្តាប់ទៅហាក់មានលក្ខណៈពិសេស ប្លែក ដោយឡែក ដែលសំខាន់បានបង្ហាញអំពីការអភិរក្សភ្លេងខ្មែរតែម្តង។
ជាមួយបទភ្លេងដែលលោកអ្នក ក៏ដូចជាអន្តរជាតិ កំពុងតែស្តាប់ជក់ចិត្តដិតអារម្មណ៍បែបនេះ វាបានកកើតចេញពីបុគ្គលសមត្ថភាពដ៏កម្រមួយរូបដែលជឿជាក់ថាប្រិយមិត្តគ្រប់គ្នាក៏ស្គាល់ផងនោះ គឺតារាចម្រៀង វណ្ណថាន។ ពិតប្រាកដណាស់ វណ្ណថាន ជាសិល្បករពហុជំនាញ លោកមិនត្រឹមតែជាតារាចម្រៀងប្រចាំផលិតកម្មបារមីប៉ុណ្ណោះទេ លោកថែមទាំងជាអ្នកសរសេរបទចម្រៀង ជាអ្នកធ្វើបទភ្លេង និង ជាអ្នកឯកទេសខាងលេងឧបករណ៍តន្ត្រីច្រើនមុខផងដែរ។
គ្រប់គ្នាអាចនឹងភ្ញាក់ផ្អើល បើសិនបានដឹងនូវសមត្ថភាពដ៏អស្ចារ្យរបស់តារាចម្រៀងសម្បុរស្រអែម មុខមាត់រាងរៅបែបខ្មែរអង្គររូបនេះ។ អាចថា វណ្ណថាន ជាមនុស្សមានសមត្ថភាពដ៏កម្រ លោកអាចលេងឧបករណ៍តន្ត្រីរហូតដល់ទៅ ២៨ ប្រភេទ រាប់ទាំងឧបករណ៍ភ្លេងបុរាណ សម័យ និង ឧបករណ៍ភ្លេងបរទេស។ ដោយឡែក ចំពោះឧបករណ៍ភ្លេងខ្មែរ លោកអាចលេងដល់ទៅ ៣ វង់ គឺវង់ភ្លេងពិណពាទ្យ វង់ភ្លេងការ និង វង់ភ្លេងឆៃយុំា។ ដោយសារទេពកោសល្យទៅលើឧបករណ៍តន្ត្រីបុរាណនេះហើយ ទើបនៅក្នុងផលិតកម្មលោកមានតួនាទីផ្តាច់មុខក្នុងនាមជាអ្នកផលិតរាល់បទភ្លេងដែលមានបញ្ចូលភ្លេងខ្មែរ។
ក្រឡេកមកខ្សែជីវិតលើវិថីសិល្បៈ វណ្ណថាន ឬ មានឈ្មោះពេញ លី វណ្ណថាន មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ លោកមានឈាមជ័រខាងសិល្បៈស្រាប់ ដោយឪពុករបស់លោកជាគ្រូបង្រៀនតន្ត្រីមួយរូបនៅក្នុងខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ ២០០០ វណ្ណថាន បានផ្លាស់ទីលំទៅរស់នៅខេត្តបាត់ដំបងតាមឪពុករបស់លោក ដែលកាលនោះឪពុកលោកបានផ្លាស់មកធ្វើជាគ្រូបង្រៀនផ្នែកចម្រៀងបុរាណនៅសមាគមហ្វារពន្លឺសិល្បៈ ចំណែកឯរូបលោកវិញក៏បានចាប់ផ្តើមចូលរៀនផ្នែកតូរ្យតន្ត្រីនៅសមាគមនោះនៅក្នុងឆ្នាំ ២០០១។ លោកថា កាលពីវ័យកុមារ រាល់ពេលឪពុកចេញលេងភ្លេងការ និង ភ្លេងបុណ្យ ឪពុកលោកតែងយកលោកទៅតាមខ្លួនជានិច្ច នេះជាហេតុធ្វើឱ្យសំឡេងភ្លេងទាំងប៉ុន្មាន ដក់ជាប់ក្នុងក្រអៅបេះដូងរហូតបណ្តុះឱ្យលោកស្រឡាញ់ភ្លេងខ្មែរតាំងពីពេលនោះមក។
នៅឆ្នាំ ២០០៩ វណ្ណថាន បានចេញទៅប្រទេសបារាំងដើម្បីសិក្សាបន្ថែមនូវការផលិតតន្ត្រី ទ្រឹស្តីតន្ត្រី និង អ្វីៗជាច្រើនទៀតទាក់ទិននឹងសិល្បៈតន្ត្រី។ ជាសិល្បករមួយនៃសមាគមហ្វារពន្លឺសិល្បៈ លោកមានឱកាសបានធ្វើដំណើរចេញទៅសម្តែងនៅជុំវិញពិភពលោកចាប់ពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១៥។ អំឡុងគ្រានោះ លោកបានឃើញក្រុមតន្ត្រីឥណ្ឌាមួយក្រុមដែលពួកគេសម្តែងប្រើឧបករណ៍ភ្លេងបុរាណប្រគំលាយគ្នាជាមួយភ្លេងសម័យ ដែលនេះជាហេតុធ្វើឱ្យលោកមានគំនិតចង់យកភ្លេងខ្មែរមកបញ្ចូលឱ្យដូចគ្នា ហើយលោកក៏គិតដែរថា មានតែវិធីនេះទេទើបអាចឱ្យពិភពលោកបានស្គាល់តន្ត្រីខ្មែរកាន់តែច្បាស់។
ក្រៅពីជាផ្នែកមួយនៃសមាគមហ្វារពន្លឺសិល្បៈ វណ្ណថាន ក៏មានដើមកំណើតជាសមាជិកមួយនៃក្រុមតន្ត្រី Behind The Shadow ដែលក្រោយមកបានប្តូរឈ្មោះក្រុមទៅជា Bshadow។ ក្រោយមកទៀត ពេលចូលច្រៀងនៅផលិតកម្មបារមីនៅឆ្នាំ ២០២០ ក្រុមចម្រៀងរបស់លោកបានប្តូរឈ្មោះទៅជា BBand ដោយផ្តោតលើបទចម្រៀងបែបចង្វាក់រាំវង់ និង ចង្វាក់រាំកន្ត្រាក់អារម្មណ៍។
កន្លងមក វណ្ណថាន បានបង្ហាញខ្លួនជាសិល្បករទោលនៃផលិតកម្មបារមី ដែលក្នុងនាមជាអ្នកឯកទេសនិយពន្ធភ្លេងនៅពីក្រោយបទដ៏ល្បី «Time to Rise» របស់តារាចម្រៀង វណ្ណដា និង ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ដូចជាបទ «Queen Bee» ជាដើម។
ជាមួយផលិតកម្ម លោកបានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ ដែលបទនីមួយៗតែងមិនចោលរសជាតិផ្ទាល់ខ្លួនរបស់លោកឡើយ ពោលលោកបញ្ចូលលាយគ្នានូវភ្លេងខ្មែរ និង ភ្លេងសម័យ ដូចជាបទល្បីផ្ទុះកន្លងមកក្រោមចំណងជើង «កម្លោះស្រុកខ្មែរ»។ តាមរយៈទេពកោសល្យ និង សមត្ថភាព អាចចាត់ទុកថា វណ្ណថាន ជាតារាចម្រៀងដ៏មានសក្តានុពល ហើយក៏ជាប្រភេទបុគ្គលដែលមានតិចតួចបំផុតនៅលើពិភពលោក៕