![មាស សុខសោភា បង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ឧកញ៉ា ឈាង រ័ត្ន](https://www.popular.com.kh/wp-content/uploads/2023/10/801.jpg)
មាស សុខសោភា បង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ឧកញ៉ា ឈាង រ័ត្ន
នៅល្ងាចថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ ម្សិលមិញនេះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការតក់ស្លុតចិត្ត និង បង្ហាញសោកស្ដាយ បន្ទាប់ពីទទួលដំណឹងថា ឧកញ៉ា ឈាង រ័ត្ន អគ្គនាយកក្រុមហ៊ុនសម្រស់ធម្មជាតិ និង ជាស្វាមីរបស់អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានទទួលមរណភាព ដោយធ្វើអត្តឃាតខ្លួនឯង។
ដំណឹងមរណភាពនេះ បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើនពិតជាស្លុតចិត្ត និង សោកស្ដាយបំផុត ដោយបានបង្ហោះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគួ្រសារ ព្រមទាំងបង្ហាញសេចក្ដីស្ដាយស្រណោះចំពោះលោកឧកញ៉ា ព្រោះលោកឧកញ៉ាគេស្គាល់ថាជាបុគ្គលដ៏ល្អគួរឱ្យគោរពស្រឡាញ់ម្នាក់។
ក្នុងនោះ ក៏បានឃើញកំពូលតារាចម្រៀងស្រី មាស សុខសោភា បង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសាររបស់លោកឧកញ៉ា ឈាង រ័ត្ន ព្រមទាំងស្នើរសុំឱ្យមហាជនលើបណ្ដាញសង្គមបញ្ចប់ការចែករំលែករូបភាពមិនសមរម្យនៃសពផងដែរ។
សារនោះ មាស សុខសោភា បានសរសេររៀបរាប់ថា ៖ «នាងខ្ញុំ សូមចូលរួមរំលែកទុក្ខដល់គ្រួសារទាំងសងខាងនៃសព ហើយក៏សូមមេត្តាករុណាបងប្អូនដែលជាជនខ្មែរដូចគ្នាបញ្ចប់ការចែករំលែករូបភាពណាមួយដែលមិនសមរម្យនៃសព សូមឱ្យវិញ្ញាណក្ខន្ធបានស្ងប់ផង ហើយក៏មិនត្រូវមានការវែកញែក ឬក៏ទម្លាក់កំហុស ឬក៏មើលគ្នាក្នុងក្រសែភ្នែកជាសត្រូវអ្វីទៀតទៅ ហើយក៏សូមធ្វើការលើទឹកចិត្តដល់ប្អូនស្រីអូន សូមប្អូនរឹងមាំឡើងមើលថែខ្លួនឯងឱ្យបានល្អ មិនត្រូវបន្ទោសខ្លួនឯងទៀតអី ហើយសូមឱ្យប្អូនមើលថែដំណក់ឈាមរបស់ស្វាមីបានល្អ និង ឆ្លាតដូចប៉ាម៉ាក់គាត់ សូមឱ្យព្រះគ្រប់អង្គប្រទានពរដល់សពលោក ឈាង រត្ន័ និង អហោសិកម្មដល់ពួកយើងផងចុះ»៕