មិនធម្មតា! បវរកញ្ញាមីយ៉ានម៉ា នាង Ni Ni Lin Eain អាចទាញចិត្តអ្នកគាំទ្ររហូតទទួលបានលំដាប់រងទី ១
បន្ទាប់បើកឆាកប្រកួតយ៉ាងស្វិតស្វាញអស់រយៈជិត ១ ខែមក នៅរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងនេះ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand International 2023 ដែលប្រព្រឹត្តនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយម្ចាស់មកុដបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស PERU នាង Luciana Fuster ហើយលំដាប់រងទី ១ បានទៅលើបវរកញ្ញាមកពីប្រទេសមីយ៉ានម៉ានាង Ni Ni Lin Eain។
ជាការពិតណាស់ នៅក្នុងឆ្នាំ ២០២៣ នេះ គេឃើញថាបវរកញ្ញាក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងសុទ្ធសឹងជាជើងខ្លាំង និង ឈានចូលដល់ Top កំពូលស្ទើរតែទាំងអស់។ ក្នុងនោះ មហាជនហាក់ចាប់អារម្មណ៍ខ្លាំងទៅនឹងបវរកញ្ញាមកពីប្រទេសមីយ៉ាន់ម៉ា នាង Ni Ni Lin Eain ដែលជាបវរកញ្ញាម្នាក់ទទួលបានការគាំទ្រច្រើនជាងគេក្នុងបណ្ដាបវរកញ្ញាទាំងអស់ក្នុងការប្រកួត។
អាចនិយាយបានថា ព្រោះតែសន្ធឹកគាំទ្រខ្លាំងពីប្រជាជនរបស់ប្រទេសមីយ៉ាន់ម៉ាធ្វើឱ្យនាងទទួលបាន Top ១០ ដោយស្វ័យប្រវត្តិ បូកផ្សំនឹងសមត្ថភាពផងបានរុញច្រានឱ្យស្រីស្រស់រូបនេះក្លាយជាអ្នកកាន់ដៃជាមួយនឹងបវរកញ្ញាប្រទេសពេរ៉ូដែលជាម្ចាស់មកុដ ដោយលទ្ធផលនាង Ni Ni Lin Eain ជាលំដាប់រងទី ១ ដែលនាំឱ្យប្រជាជនមីយ៉ាន់ម៉ារំភើបចិត្តរកអ្វីមកផ្ទឹមបាន៕