ក្ដៅគគុក! ស្ថាបនិក La Cima Cartel ចេញចំណាត់ការ ស្នើឱ្យអ្នក Cover ចម្រៀង គោរពស្នាដៃអ្នកផលិត
មួយរយៈចុងក្រោយនេះ វិស័យតន្រ្តីហ៊ីបហបក្នុងប្រទេសកម្ពុជា បានធ្វើឱ្យមហាជនជាច្រើនចាប់ផ្ដើមទទួលស្គាល់តន្រ្តីប្រភេទនេះកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសទៅទៀតនោះ ទីផ្សារក្នុងស្រុកក៏ចាប់ផ្ដើមឱ្យតម្លៃទៅកាន់សិល្បករ-សិល្បការិនីក្នុងវិស័យមួយនេះ ដែលខុសពីកាលប៉ុន្មានឆ្នាំមុនៗដែរ។
ជាមួយគ្នានោះ ក្រុមចម្រៀង La Cima Cartel ដែលសព្វថ្ងៃមានសមាជិក ៧ រូប ក៏កំពុងទទួលបានការគាំទ្រជាខ្លាំងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយបទចម្រៀងរបស់ពួកគេនីមួយៗចេញមកម្ដងៗ ផ្ទុះការគាំទ្រជាខ្លាំង ពីសំណាក់មហាជនអ្នកគាំទ្ររបស់ពួកគេ។
ដោយឡែកស្រាប់តែនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ មហាជនអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើល ខណៈទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ La Cima Cartel បានបង្ហោះសេចក្ដីជូនដំណឹងទៅដល់សិល្បករ សិល្បការនីមួយចំនួនដែលបានយកបទចម្រៀងស្នាដៃរបស់ពួកគេយកទៅសម្តែង ឬ Cover តាមឆាក តូច ធំ Concert ព្រមទាំងកម្មវិធីនានា ទៅធ្វើជាអាជីវកម្ម ឬ ផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយ ដោយមិនបានជូនដំណឹងជាមុនមកកាន់ក្រុមការងារជាមុន។
លោក ស៊ីវ រិទ្ធី ជានាយកប្រតិបត្តិ ហើយក៏ជាស្ថាបនិករបស់ La Cima Cartel បានចេញមុខតាមផ្លូវច្បាប់ និងបានរៀបរាប់ថា ៖ «កន្លងទៅថ្មីៗនេះ អ្នកទាំងអស់គ្នាប្រាកដជាបានឃើញសិល្បករ សិល្បការិនីមួយចំនួនទៅសម្តែង ឬ Cover តាមឆាក តូច ធំ Concert និងកម្មវិធីនានា ដោយមិនបានជូនដំណឹងជាមុនមកកាន់ក្រុមការងារ La Cima Cartel ឬសុំការអនុញ្ញាតពីយើងជាមុនសិន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានផលប្រយោជន៍របស់យើងក្នុងនាមជាអ្នកផលិតស្នាដៃចម្រៀងថ្មីៗ»។
លោក រិទ្ធី ក៏បានបន្ថែមទៀតថា ៖ «តាំងនាមជាសិល្បករ ផលិតករ ក្រុមចម្រៀង La Cima Cartel សង្ឃឹមយ៉ាងមុតមាំថា សិល្បករ សិល្បការិនីទាំងអស់នឹងចូលរួមសហការជាមួយយើង ដោយការបញ្ជាក់អំពីប្រភពដើមនៃបទចម្រៀង និងផ្តល់ជាដំណឹងជាមុន ដើម្បីបង្ហាញការគោរព និង ឱ្យតម្លៃស្នាដៃរបស់យើងខ្ញុំ ក៏ដូចជាសិល្បករ សិល្បការិនីដទៃទៀត»៕