(វីដេអូ) ល្បីពេញ Tik Tok កុមារាច្រៀងនៅទូរទស្សន៍ជាតិកាលពី ៣០ ឆ្នាំមុន ការពិតជាកូនបង្កើតលោកស្រី កែវ មន្ថា
ថ្មីនេះៗ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍នូវវីដេអូរបស់កុមារាមួយរូប ដែលបានបកស្រាយបទចម្រៀងរាំវង់មួយបទ ដោយអមនឹងកាយវិការដ៏ក្រមិចក្រមើមគួរឱ្យចង់ទស្សនាក្នុងគណនីឈ្មោះ ប៉ាត់ វុទ្ធី។
វីដេអូរបស់កុមារារូបនោះ ត្រូវបានគេដឹងថាបានចេញផ្សាយតាំងពីអំឡុងល្បាក់ឆ្នាំ ១៩៩០ មកម្ល៉េះ ដោយក្នុងកម្មវិធីចម្រៀងកុមារមួយរបស់ស្ថានីយទូរទស្សន៍ជាតិ។
ក្នុងនោះ ក្រោយពីគណនីខាងលើបានបង្ហោះវីដេអូការបកស្រាយចម្រៀងរបស់កុមារានោះ បានធ្វើឱ្យមហាជនចង់ដឹង និង ចង់ឃើញមុខនាពេលបច្ចុប្បន្នរបស់គេថែមទៀត។
ជាក់ស្តែង កុមារាដ៏មានទេពកោសល្យរូបនោះ មានឈ្មោះថា សុទ្ធ សំអាល ជាកូនប្រុសបង្កើតរបស់អតីតតារាចម្រៀង និង សម្តែងជើងចាស់លោកស្រី កែវ មន្ថា។ លើសពីនោះ លោក សុទ្ធ សំអាល ក៏ជាពូបង្កើតរបស់តារាចម្រៀង ស៊ូ ស៊ីរីកា ហើយលោកក៏ជាតារាចម្រៀងដូចគ្នាដែរ។
បច្ចុប្បន្ន លោក សុទ្ធ សំអាល រស់នៅឯសហរដ្ឋអាមេរិក និង សាងគ្រួសារមានកូនប្រុសស្រីចំនួន ២ នាក់រួចហើយដែរ៕