រយៈពេល ៣ ឆ្នាំ សាយ សាងកេរ្តិ៍ឈ្មោះក្នុងបេសកកម្មរត់ចំនួន ៥ លើក ដើម្បីជួយដល់សង្គម
ក្រៅពីសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈ មហាជនជាច្រើនច្បាស់ជាបានជ្រាបមកហើយពីភាពល្បីល្បាញរបស់តារាចម្រៀង Original Song លោក សាយ ដែលត្រូវបានដាក់ងារថាជា Hero របស់កុមារៗនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកបានបង្កើតកម្មវិធី «Run With Sai» ដើម្បីស្វែករកថវិកាជួយដល់សង្គម។
តួយ៉ាង រយៈពេល ៣ ឆ្នាំ កន្លងមកនេះ ពោលគឺចាប់តាំងពីចុងឆ្នាំ ២០២០ រហូតដល់ចុងឆ្នាំ ២០២៣ នេះ លោក សាយ ស្ថាបនិកកម្មវិធី «Run With Sai» បានរៀបចំកម្មវិធីផ្ទាល់ខ្លួនបានចំនួន ៥ លើកមកហើយ។ ក្នុងនោះ កម្មវិធីទាំង ៥ ខាងលើ បានចូលរួមក្នុងការស្ម័គ្រចិត្តរបស់យុវជនជាច្រើនរូប ដោយត្រូវបានដាក់ឈ្មោះថា «Sai Force»។
១. ចុងឆ្នាំ ២០២០ កម្មវិធី «Run With Sai»
ក្នុងឆ្នាំ ២០២០ សាយ បានបង្កើតកម្មវិធីដំបូងរបស់ខ្លួនមានឈ្មោះថា «រត់ជាមួយសាយ» ឬ «Run With Sai» ដោយលោកបានប្រើរយៈពេល ៩៧ ថ្ងៃ រត់កាត់ ២០ ខេត្តក្រុង ក្នុងរយៈចម្ងាយ ២៤០៨ KM និង រៃអង្គាសថវិកា បានជិត ៥០ ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរ។
២. ចុងឆ្នាំ ២០២១ កម្មវិធី «រត់ជាមួយសាយ Virtual Run 2021»
នាខែតុលា ឆ្នាំ ២០២១ លោក សាយ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ឈ្មោះថា «រត់ជាមួយសាយ Virtual Run 2021» ជាប្រភេទការរត់ម៉ារ៉ាតុន ដោយបានស្វែងរកថិវិកាជួយដល់សាលា និង អង្គការចំនួន ៣។
៣. ចុងឆ្នាំ ២០២២ កម្មវិធី «Run with Sai ៤ សែនជំហាន»
មកដល់ចុងឆ្នាំ ២០២២ សាយ បានរៀបចំកម្មវិធីរត់ជាថ្មីមានឈ្មោះថា «Run with Sai ៤ សែនជំហាន» ដែលរត់រយៈពេល ៩ ថ្ងៃ ពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ក្នុងរយៈចម្ងាយ ៣០៣ គីឡូម៉ែត្រ ដោយគោលដៅគឺប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់កុមារដែលមានជំងឺមហារីក។ កាលនោះ សាយ បានស្វែងរកថវិកាបានប្រមាណ ១៣ ម៉ឺនដុល្លារ។
៤. ខែកក្កដា ឆ្នាំ ២០២៣ កម្មវិធី «Preah Vihear Temple Run»
កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ សាយ បានរៀបចំកម្មវិធី «Preah Vihear Temple Run» បានដំណើរការដើម្បីអបអរសាទរខួបទី ១៥ នៃការដាក់បញ្ជូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
៥. ចុងឆ្នាំ ២០២៣ កម្មវិធី «KEP SEA-MOUNTAIN RUN»
នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ សាយ បានរៀបចំកម្មវិធីមួយថ្មីទៀត គឺកម្មវិធី «ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ» ឬ «KEP SEA-MOUNTAIN RUN» នៅទីក្រុងកែប ដើម្បីចូលរួមអបអរសាទរបុណ្យឯករាជ្រជាតិលើកទី ៧០ របស់កម្ពុជា៕