Mark សុំចិត្តមហាជន កុំបន្ទោសលើការស្លៀកពាក់របស់ភ្ញៀវ ដោយសម្អាងហេតុផលនេះ
កម្មវិធីមង្គលការរបស់ Mark និង Kim ត្រូវបានបញ្ចប់ដោយរលូន ជាមួយការចូលរួមអបអរពីក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជាច្រើនមក រហូតដល់មានថ្ងៃពិសេសជាមួយនឹងគ្នា។
ដោយឡែកនៅក្នុងថ្ងៃមង្គលការរបស់តារាសម្ដែងទាំងពីររូបនេះ មានភ្ញៀវកិត្តិយសជាច្រើនចូលរួម ទាំងក្នុងរង្វង់សិល្បៈ និង ក្រៅសិល្បៈ ក្នុងនោះផងដែរ ក្រោយពីមង្គលការបានបញ្ចប់មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាសម្ដែងស្រី Janis ត្រូវមហាជនមួយចំនួនរិះគន់រឿងស្លៀករ៉ូបពណ៌ស ទាំងដែលសម្រាប់មង្គលការគេត្រូវបានហាមមិនឱ្យស្លៀកជាដាច់ខាត។
យ៉ាងណាមិញ Mark បានផ្ដល់បទសម្ភាសកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅក្នុងកម្មវិធី Event មួយ ពាក់ព័ន្ធនឹងរឿងខាងលើថា៖ «សម្រាប់ខ្ញុំយល់ឃើញថាវាជាសិទ្ធិបុគ្គល សុំចិត្តកុំឱ្យមានបញ្ហាអីដល់ភ្ញៀវ ដែលបានចូលរួមក្នុងថ្ងៃមង្គលការរបស់យើងដោយស្លៀកពាក់ឈុត ឬរ៉ូបពណ៌សអី ព្រោះសម្រាប់ខ្ញុំផ្ទាល់ មិនបានកំណត់ថាភ្ញៀវដែលមកចូលរួមត្រូវតែស្លៀកពាក់ពណ៌មួយណាឡើយ»។
តារាសម្ដែង Mark បានបន្តទៀតថា៖ «នៅក្នុងពិធីយើងគ្រាន់តែប្រាប់ពី Cloth Signature អ្នកណាចង់ស្លៀកពាក់បែបណាក៏បានដែរ ត្រឹមមានភ្ញៀវមកចូលរួមក្នុងថ្ងៃពិសេសពួកយើងប៉ុណ្ណឹងគឺសប្បាសចិត្តខ្លាំងណាស់ហើយ»៕