អបអរ! រៀបការបាន ១ ខែ ពេលនេះ ចំរើន សុភ័ក្រ្ត ត្រូវគេទម្លាយថាកំពុងពពោះកូនដំបូង អាយុបាន ១ សប្តាហ៍ហើយ
ពិតណាស់ តារាចម្រៀងស្រីរូបស្រស់ ចំរើន សុភ័ក្រ្ត បានកាន់ដៃគូដណ្ដឹងបណ្ដូលចិត្ត ប្ដូរឈ្មោះពីគូដណ្ដឹងក្លាយជាប្ដីប្រពន្ធពេញលេញតាមប្រពៃណីរួចរាល់ហើយ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយអ្នកទាំងពីរបានរៀបចំពិធីមង្គលការយ៉ាងអធិកអធម ក្រោមវត្តមានភ្ញៀវកិត្តិយសចូលរួមជូនពរយ៉ាងច្រើនកុះករ។
ដោយឡែក ក្រោយរៀបការបានជិត ១ ខែ មកដល់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ នេះ ស្របពេលថ្ងៃមង្គលរបស់មិត្ត ឃុន វុត្ថា ក៏ទទួលបានដំណឹងល្អថាតារាចម្រៀងស្រីរូបនេះ កំពុងពពោះកូនដំបូងអាយុ ១ សប្ដាហ៍ ជាចំណងដៃនៃអាពាហ៍ពិពាហ៍រវាងនាង និង ស្វាមីហើយ។ នេះបើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នួន សុធារ័ក្ស បានបង្ហោះសារប្រកាសដំណឹងល្អរបស់ ចំរើន សុភ័ក្រ្ត ភ្ជាប់ជាមួយការអបអរថា ៖ «អបអរសាទរថ្ងៃពិសេស Khun Vutha – ឃុន វុត្ថា និង អបអរសាទរ Chamroeun Sopheak ទទួលបានលទ្ធផលពីពេទ្យ ថាមានbaby ១ សប្ដាហ៍»។
ក្រោយទទួលដំណឹងនេះដែរ មហាជនលើបណ្ដាញសង្គម ក៏ដូចជាមិត្តអ្នកសិល្បៈជាច្រើនបានចែករំលែកចូលរួមអបអរដល់ ចំរើន សុភ័ក្រ្ត និង ស្វាមី ចំពោះការទទួលបានទាយាទដំបូងនេះដែរ៕