សេដ្ឋីវាល់លានតាមស្នេហ៍ តែ Janie សុខចិត្តជ្រើសយក Mickey ជាបុរសធម្មតា ព្រោះហេតុផលនេះ
តារាសម្ដែងស្រី Janie Theaphosuwan ជាតារាស្រីម្នាក់ដែលបានជួបព្យុះភ្លៀងជីវិតដ៏ធំបំផុតស្ទើរតែមិនអាចទប់ទល់បាន។ កន្លងមកនាងតារាស្រីរូបនេះ បានជួបជីវិតគូដ៏សែនអួអាប់ និង ឈឺចាប់បំផុត ដោយនាងត្រូវបានមនុស្សដែលខ្លួនស្រឡាញ់ដែលជាអតីតស្វាមី វាយធ្វើបាបទាំងផ្លូវកាយ និង ផ្លូវចិត្ត រហូតធ្វើឱ្យជីវិតអំឡុងពេលនោះងងឹតសូន្យសុង និង សម្រេចចិត្តចែកផ្លូវគ្នារស់រៀងៗខ្លួនវិញ។
ដូចពាក្យចាស់តែងពោលថា ក្រោយភ្លៀងមេឃតែងស្រឡះ ហាក់មិនខុសអ្វីពីជីវិតតារាស្រី Janie សោះឡើយ ដោយបន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីទៅ មិនយូរប៉ុន្មានតារាស្រីរូបនេះក៏បានរកឃើញអ្នកមកថែបេះដូងថ្មី គឺតារាប្រុស Mickey ដែលជាបុរសមានរូបសង្ហាចិត្តទូលាយ និង មានអាយុប្អូននាងជាង ១០ ឆ្នាំឯណោះ។
ក្រោយពីបានជួបបុរសល្អដូចជា Mickey ហើយ តារាស្រី Janie រស់នៅយ៉ាងសប្បាយចិត្ត ហើយពេលនេះមានកូនស្រីម្នាក់ទៀតជីវិតកាន់តែមានសេចក្តីសុខទ្វេដង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Janie បានទម្លាយពីហេតុផលជ្រើសរើសយក Mickey ជាស្វាមី ព្រោះថាកន្លងមកមានសេដ្ឋីលុយវាល់លានជាច្រើននាក់តាមទាក់ទងនាងតែស្រីស្រស់រូបនេះហាក់មិនយកភ្នែកមើលឡើយបែរជាបើកបេះដូងទទួលយកតារាប្រុស Mickey ដែលជាបុរសសាមញ្ញម្នាក់ទៅវិញ។
ជុំវិញហេតុផល តារាសម្ដែងស្រី Janie បានឱ្យដឹងថា «នាងជាមនុស្សម្នាក់ដែលស្រឡាញ់នរណាម្នាក់ហើយរឿងរ៉ាវអតីតពុំសូវជាគិតទេ។ ការស្រឡាញ់នរណាម្នាក់សម្រាប់នាងគឺផ្តោតលើអារម្មណ៍ ព្រោះវាបង្ហាញចេញមកតាមរយៈក្រសែភ្នែក និង កាយវិការ។ ជាការពិត បើសិនថ្ងៃណាមួយយើងចាកចេញពីពិភពលោកនេះហើយ ទ្រព្យសម្បត្តិ ប្រាក់កាសក៏យកទៅមិនបានដែរ អ្វីៗទាំងអស់មិនអាចយកទៅបានទេ ផ្ទុយទៅវិញអ្វីដែលអាចយកទៅបានគឺក្តីស្រឡាញ់ ភាពស្និទ្ធស្នាល។ ក្នុងនោះ បើថ្ងៃមួយនាងត្រូវដេកលើគ្រែពេទ្យហើយមានអ្នកដែលនាងស្រឡាញ់នៅជាមួយនឹងនឹងបិទភ្នែកជិតហើយ»៕