ឧកញ៉ា ខេមរៈ សិរីមន្ត សម្រេចក្ដីស្រមៃលើបទ «Call Me PaPa» មានអ្នកទស្សនាច្រើនលើសលប់
មហាជនប្រាកដជាស្គាល់ច្បាស់ហើយកំពូលតារាចម្រៀងជួរមុខប្រចាំប្រទេសដែលមានទឹកដមសំឡេងដ៏ក្រអួនក្រអៅស្តាប់មិនចេះជិនណាយ រូបរាងសង្ហា និង មានប្រជាប្រិយភាពខ្លាំង ឧកញ៉ា ខេមរៈ សិរីមន្ត ខណៈពេលនេះកំពុងតែធ្វើឱ្យយុវវ័យជាច្រើន នាំគ្នាច្រៀង និង លេង Tiktok ឮតែបាញ់ស្នេហ៍ ខ្លាដេកថាខ្លាចេតរយ អង្គរក្ស ៤ នាក់នៅពីក្រោយ វូហូ ព្រោងព្រាត ដែលជាអត្ថន័យក្នុងបទចម្រៀងមានចំណងជើងថា «Call me papa»។
បច្ចុប្បន្នបទចម្រៀង «Call me papa» នៅតែជាបទចម្រៀងដ៏មានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ ដោយត្រូវបានអ្នកសិល្បៈ តារាអនឡាញ និង យុវវ័យជាច្រើន ទាំងក្នុងស្រុក ក្រៅស្រុក បានយកទៅកាត់តបញ្ចូលរូបភាពតាមការចូលចិត្តរបស់ពួកគេ បង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក Tik Tok ក៏ដូចជា YouTube ជាដើម។
ក្រោយពីបានឃើញមានចំនួនអ្នកចូលទស្សនាដ៏ច្រើនលើសលប់នេះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍របស់ខ្លួននៅលើគណនីហ្វេសប៊ុកថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់ព្រោះវាជាក្តីស្រមៃដែលខ្ញុំតែងតែស្រមៃចង់មានអ្នកមើលចំនួន (១ពាន់លានដង) នៅជុំវិញពិភពលោក ពេលនេះខ្ញុំធ្វើបានសម្រេចហើយ អរគុណក្រុមការងារ galaxy គ្រប់ជាន់ថ្នាក់ទាំងអស់ដែលខំប្រឹងប្រែងធ្វើការជាមួយខ្ញុំមិនខ្លាចនឿយហត់នឹងជាពិសេស BOSS ដ៏ល្អគឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលោកតែងតែស្រឡាញ់ និង លើកកម្ពស់សិល្បៈខ្មែរខ្លាំងណាស់ អរគុណហ្វេនៗទាំងអស់គ្នា»៕