ធ្លាប់ជាក្មេងកំព្រា! ជ័យ សុវ៉ាត មានវាសនាខ្ពស់ទទួលបានឪពុកម្តាយចិញ្ចឹម មើលថែថ្នាក់ថ្នមដូចកូនបង្កើត
បើគិតតាំងពីឆ្នាំ ២០១៤ ក្រោយពីបានចូលរួមប្រកួតកម្មវិធី «ផ្កាយរះក្នុងសួន» របស់ស្ថានីយទូរទស្សន៍អប្សរាទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ២ មក លោក ជ័យ សុវ៉ាត បានបោះជំហានយ៉ាងរឹងមាំក្នុងវិស័យសិល្បៈ ដោយឈរឈ្មោះជាសិល្បករមួយរូបទទួលបានប្រជាប្រិយភាពគួរសម។
កន្លងមក លោក ជ័យ សុវ៉ាត មិនត្រឹមតែសាងកេរ្តិ៍ឈ្មោះលើវិស័យសិល្បៈក្នុងនាមជាតារាចម្រៀងតែម្យ៉ាងនោះទេ តែតារាចម្រៀងវ័យល្បាក់ ៣០ ឆ្នាំ រូបនេះ ក៏ត្រូវបានប្រជាជនកម្ពុជាស្ងើចសរសើរដល់លោកខ្លាំងណាស់ដែរ ក្នុងនាមជាគ្រូពេទ្យមួយរូប។
យ៉ាងណាមិញ ងាកទៅកាន់អតីតកាលរបស់តារាចម្រៀងប្រុសម្ចាស់បទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់» ជ័យ សុវ៉ាត គឺជាកូនកំព្រាឪពុកម្តាយតាំងពីតូច ដោយលោកបានបាត់បង់ឪពុកតាំងពីនៅក្នុងផ្ទៃម្តាយអាយុ ៧ ខែ និង បាត់បង់ម្តាយនៅអាយុប្រហែល ៧ ឆ្នាំមកម្ល៉េះ។
យ៉ាងណា ព្រោះតែការប្រឹងប្រែងតស៊ូជម្នះព្រេងវាសនាតាំងពីតូចរហូតដល់ធំមានឱកាសចូលប្រកួតចម្រៀងក្នុងឆ្នាំ ២០១៤ និង មានវ័យល្បាក់ ២០ ឆ្នាំ លោក ជ័យ សុវ៉ាត បានដណ្តើមឈ្នះពានរង្វាន់លេខ ២ ក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» និង បានជួបឪពុកម្តាយធម៌មានព្រហ្មវិហារធម៌បានយកលោកធ្វើជាកូនចិញ្ចឹមតាំងពីពេលនោះមក។
ក្រោយក្លាយជាកូនចិញ្ចឹមរបស់ឪពុកម្តាយធម៌ លោក ជ័យ សុវ៉ាត ក៏កាន់តែប្រឹងប្រែងក្លាយទៅជាបុគ្គលដ៏ជោគជ័យទាំងការសិក្សា ការងារ និង ជាកូនប្រុសល្អ ដើម្បីតបស្នងគុណឪពុកម្តាយចិញ្ចឹមរបស់លោកបន្ទាប់ពីឪពុកម្តាយបង្កើត ដែលបានស្លាប់ទៅផងដែរ។ ក្នុងនោះ ឪពុកម្តាយចិញ្ចឹមរបស់លោក ជ័យ សុវ៉ាត គឺជាមន្ត្រីមានមុខមាត់ក្នុងសង្គមទាំងម្តាយ និង ឪពុកផងដែរ៕