Lee Sun Kyun ទុកសំបុត្រមួយច្បាប់ឱ្យភរិយា មុននឹងប្រទះឃើញដេកស្លា-.ប់នៅក្នុងឡាន
ព័ត៌មានដ៏គួរឱ្យរន្ធត់មួយត្រូវបានប៉ូលិសប្រកាសឡើង នៅក្នុងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣នេះ ដោយបានបញ្ជាក់ថា តារាសម្ដែងប្រុស Lee Sun Kyun ដែលត្រូវបានស្គាល់ជាតួអង្គប្រុសម្នាក់ប្រចាំរឿង «Parasite» បានទទួលមរណភាពហើយក្នុងវ័យ ៤៨ ឆ្នាំ។
ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា ភរិយារបស់លោក គឺតារាសម្តែង Jeon Hye Jin ជាអ្នកផ្តល់ដំណឹងទៅកាន់ប៉ូលិស ទាក់ទងនឹងការបាត់ខ្លួនរបស់ស្វាមី ក្រោយពីនាងបានឃើញសំបុត្រមួយច្បាប់ ដែលស្វាមីទុកឱ្យ។ នាងបានផ្តល់ដំណឹងទៅប៉ូលិស នៅថ្ងៃម៉ោង ១០:១២ នាទីព្រឹក (ម៉ោងនៅកូរ៉េ) ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ នេះ ហើយប៉ូលិសក៏បានរកឃើញ Lee Sun Kyun ភ្លាមៗ នៅម៉ោង ១០:៣០ នាទីព្រឹកក្នុងថ្ងៃដដែល ដោយបានប្រទះឃើញដេកស្លាប់នៅក្នុងឡានផ្ទាល់ខ្លួន នៅជិតសួនមួយកន្លែង នាតំបន់ Jongno ក្រុងសេអ៊ូល។
យ៉ាងណាមិញ ការស្លាប់របស់លោក Lee Sun Kyun កំពុងតែត្រូវអាជ្ញាធរធ្វើការស៊ើបអង្កេតបន្តផងដែរ ហើយជំហ៊ានដំបូង គេកំពុងតែសង្ស័យទៅលើការស្លាប់នេះ ថាជាការធ្វើអត្តឃាត៕