វីហ្សា ដៃគូដៃកង់របស់ Nona Ra ធ្លាប់ឆ្លងកាត់ភាពលំបាក បោះបង់អាហារូបករណ៍ដើម្បីរកស៊ីចិញ្ចឹមគ្រួសារ
ជាការពិត ស្របពេលទីផ្សារលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងផ្ទុះខ្លាំង ក៏មាន Influencer ថ្មីចាស់ជាច្រើនក៏កំពុងទទួលបានការងារជាបន្តបន្ទាប់ ដោយរួមមាន កញ្ញា វីហ្សា Influencer ជំនាន់ក្រោយ ដែលកំពុងទទួលបានការចាប់អារម្មណ៍គួរសមពីយុវវ័យ។
ក្នុងនោះ មហាជនក៏បានដឹងថា Influencer វីហ្សា ក៏ជាដៃគូដៃកង់សម្តែងនឹង តារាស្រី Nona Ra ដែលជាសង្សាររបស់តារាចម្រៀង អេននី ហ្សាម ទៀតផង។ ងាកទៅកាន់ កញ្ញា វីហ្សា ឯនោះវិញ បច្ចុប្បន្នមិនត្រឹមតែទទួលបានទីផ្សារការងារសិល្បៈក្នុងនាមជា Influencer តែម្យ៉ាងនោះទេ ស្រីស្អាតរូបនេះ ក៏ជាតារាសម្តែងផងដែរ។
ដោយឡែកងាកទៅកាន់អតីតកាល មុនចូលប្រឡូកមកកាន់វិស័យសិល្បៈ និង ទទួលបានការគាំទ្រយ៉ាងនេះ កញ្ញា វីហ្សា ធ្លាប់ឆ្លងកាត់ភាពលំបាកក្រខ្សត់យ៉ាងខ្លាំង រហូតបោះបង់អាហារូបករណ៍ក្រោយបញ្ចប់ថា្នក់ទី ១២ ដើម្បីធ្វើការរកចិញ្ចឹមគ្រួសារមានជីវភាពខ្វះខាត ក្នុងនាមជាកូនស្រីច្បង។ កាលនោះ មុននឹងបោះជំហានក្លាយជាសិល្បការិនី វីហ្សា គឺជាក្មេងស្រីលក់សៀវភៅតាមចិញ្ចើមថ្នល់ទៀតផង។
យ៉ាងណា ក្រោយបោះជំហានឈានចូលវិថីសិល្បៈប្រមាណ ៥ ឆ្នាំ វីហ្សា បានសាងកេរ្តិ៍ឈ្មោះ និង ជួយដល់ជីវភាពគ្រួសារបានប្រសើរជាមុនបន្តិច។ លើសពីនោះ តារាស្រីវ័យ ២៥ ឆ្នាំ រូបនេះបានប្រាប់ «ប្រជាប្រិយ» ថា៖ «ពេលនេះ នាងក៏កំពុងបន្តដើរតាមក្តីស្រមៃកាលពីតូច ក្លាយជាតារាចម្រៀងបន្ថែមទៀតផងដែរ»៕