Reno ចែកឋានទៅជិត ២ ឆ្នាំមែន តែកំលោះតូច លឹម តិចម៉េង នៅនឹករឭកខ្លាំង រហូតពោលពាក្យទាំងសោកសៅ
មហាជនក្នុងប្រទេសសុទ្ធសឹងតែបានស្គាល់មកហើយពីម្ចាស់ជ័យលាភី Camboodia Idol រដូវកាលទី ៤ លឹម តិចម៉េង ដែលជាតារាចម្រៀងពន្លកថ្មីស្ថិតនៅក្នុងក្រអៅបេះដូងអ្នកគាំទ្រជាច្រើន។
ស្របពេលមានឈ្មោះកាន់តែល្បី ការងារកាន់តែជោគជ័យមានភាពមមាញឹកខ្លាំងនៅលើវិថីមួយនេះ និង មានជីវិតមួយកាន់តែធូរធារ ក្នុងនោះ Idol តូច លីម តិចម៉េង មិនដែលភ្លេចដឹងគុណដល់ឱពុកម្តាយដែលបានផ្តល់កំណើត និង បុគ្គលមួយរូបតែងតែផ្តល់នូវបទពិសោធដល់ខ្លួនគ្រប់យ៉ាងក្នុងវិស័យសិល្បៈមួយនេះទេ ដែលម្នាក់នោះត្រូវបានគេស្គាល់ថាជាតន្រ្តីករមួយរូបមានឈ្មោះថា Reno ដោយលោកបានទទួលមរណភាពដោយសារតែជំងឺរបេងកូនកណ្តុរ និង មានទឹកដក់ក្នុងសួត កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២២។
រំលងផុតទៅរយៈពេលជិត ២ ឆ្នាំ ទៅហើយ ដោយក្តីនឹករឭកដល់អ្នកជួយជ្រោមជ្រែងលើវិថីសិល្បៈ លោក Reno ខ្លាំងពេក ថ្មីៗនេះ លីម តិចម៉េង ក៏បានបង្ហោះសារពោលពាក្យដ៏សោកសង្រេងទាំងអាលោះអាល័យនៅលើគណនីហ្វេសប៊ុកថា ៖ «សល់រូបមួយសន្លឹកនេះគត់ជាមួយបងប្រុស ReNo Chhim Phi Ruk បងកុំបារម្ភ ប្អូនបងម្នាក់នេះមិនឱ្យបងខកបំណងទេ គ្រប់ការប្រដៅ ណែនាំ របស់បង ខ្ញុំចងចាំអស់មួយជីវិត សង្ឃឹមថាបងបានឃើញក្មេងប្រុសម្នាក់ដែលបងបានដុះខាត់កាលពី ១០ ឆ្នាំមុន ពេលនេះវាត្រូវបានទទួលស្គាល់ពីបងប្អូនមហាជនច្រើនណាស់ ហើយវាតែងគោរពតាមឆន្ទៈដែលបងធ្លាប់ប្រាប់វា បងនៅទីនោះឱ្យបានស្ងប់ចិត្តចុះបងប្រុស (ពានរង្វាន់របស់បង ប្អូននឹងថែរក្សាវាឱ្យបានល្អ វាជារបស់បង និង បងប្អូនអ្នកគាំទ្ររបស់យើងគ្រប់គ្នា)»។ ក្រោយពីបានឃើញសារនោះហើយ មហាជនអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិសរសើរពីភាពដឹងគុណរបស់លោក លីម តិចម៉េង គ្រប់គ្នា៕