ទម្រាំក្លាយជាតួឯក កែវ ពេជ្រពិសី តស៊ូពីតួរាយរងតម្លៃខ្លួនត្រឹម ១០ ទៅ ២០ ដុល្លារប៉ុណ្ណោះ
បើនិយាយដល់ឈ្មោះ កែវ ពេជ្រពិសី ប្រិយមិត្តភាគច្រើន មិនថាក្មេងចាស់ប្រុសស្រីប្រាកដជាធ្លាប់បានទស្សនានូវកាយវិការសម្ដែងដ៏ប៉ិនប្រសប់តាមរយៈបទចម្រៀងកាយវិការ ក៏ដូចជាតាមរយៈខ្សែភាពយន្តខ្មែរល្បីៗទាំងបុរាណ និង សម័យ ជាពិសេសរូបសម្រស់ដ៏ស្រស់ផូរផង់របស់តារាស្រីរូបនេះ បានឆក់យកក្រសែភ្នែករបស់ទស្សនិកជនដែលបានទស្សនាហើយ ឱ្យចង់ទស្សនាទៀត។
ងាកត្រឡប់ទៅកាន់អតីតកាលបន្តិច អ្នកនាង កែវ ពេជ្រពិសី បានចូលប្រឡូកសិល្បៈតាំងពីខ្ទង់ឆ្នាំ ២០០០ ស្ដើង រហូតមកដល់បច្ចុប្បន្ន អ្នកនាងបានដើរលើវិថីសិល្បៈប្រមាណជាជិត ២០ ឆ្នាំហើយ ពោលគឺតារាស្រីរៀមច្បងដ៏ល្បីល្បាញរូបនេះ បានចាប់យកអាជីពជាតារាសម្ដែងតាំងពីអាយុ ១៧ ឆ្នាំមកម្ល៉េះ។
កាលអ្នកនាង កែវ ពេជ្រពិសី បោះជំហានចូលសម្ដែងដំបូងៗ អ្នកនាងបានទម្លាយប្រាប់ ក្នុងកម្មវិធី «ជីកឫសគល់តារា» របស់សារព័ត៌មាន «ប្រជាប្រិយ» ឱ្យដឹងថា កាលនោះអ្នកនាងត្រឹមតែជាក្មេងស្រីម្នាក់ ដែលមានភាពតស៊ូខ្លាំងបំផុត ហើយកាលទើបសម្ដែងថ្មីៗ អ្នកនាងមិនចេះសម្ដែងឡើយ ដោយផលិតករឱ្យយំមិនចេះយំ ផលិតករឱ្យសើចមិនចេះសើច ហើយក៏ទទួលរងពាក្យស្ដីបន្ទោស ដែលធ្វើឱ្យអ្នកនាងសឹងតែបោះបង់ក្ដីស្រមៃចោល។
ក្នុងនោះ កាលចាប់ផ្តើមដំបូងៗអ្នកនាងក៏មិនបានតំណែងតួឯកភ្លាមឡើយ ពោលគឺតារាស្រីរូបនេះផ្តើមចេញពីអ្នកសម្ដែងរាយរង ដែលបានកម្រៃត្រឹម ១០ ទៅ ២០ ដុល្លារតែប៉ុណ្ណោះ តែដោយសារការស្រឡាញ់ ការតាំងចិត្តតស៊ូ មានការជ្រោមជ្រែងពីសិល្បកររៀមច្បងផង នាងក៏អាចក្តាប់បាននូវតំណែងតួឯកឥតរបេះ៕