Nadech មិនលាក់ពីហេតុផល ចូលចិត្តជិះម៉ូតូឌុបជាងឡានទំនើប មិនសូវខ្វល់ពីមុខមាត់
ជាទូទៅ បើគេនិយាយពីតារាល្បីណាមួយ ភាគច្រើនគេតែងឃើញអ្នកទាំងអស់នោះលេងឫកពា ប្រកាន់ខ្លួន ព្រោះគិតថាខ្លួនជាបុគ្គលល្បី។ យ៉ាងណាមិញ បើងាកទៅមើលតារាសម្ដែងប្រុសជួរមុខលោក Nadech ឯណោះវិញ ថ្វីដ្បិតតែលោកជាតារាល្បី មានប្រជាប្រិយភាព តែតារារូបនេះហាក់មិនប្រកាន់ខ្លួន លេងឫកពាអ្វីឡើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គេឃើញថារាល់ការធ្វើដំណើរទៅណាមកណារបស់អ្នកកំលោះរូបនេះ តែងតែប្រើមធ្យាបាយសាធារណៈ ដូចជា Taxi , ម៉ូតូឌុប និង រថភ្លើង BTS ជាដើម យូរៗម្ដងប៉ុណ្ណោះដែលតារាប្រុសរូបនេះ ជិះឡានទំនើបម៉ាកល្បីទៅណាមកណានោះ។ ជារឿយៗ មហាជនតែងតែជួប Nadech នៅតាមទីសាធារណៈ ហើយក៏តែងលាន់មាត់សរសើរថា ជាតារាល្បីតែមិនឆ្មើងឆ្មៃ មានតែរាក់ទាក់ដាក់អ្នកគាំទ្រមុនទៀតផង។
ជុំវិញបញ្ហាដែលចេះដាក់ខ្លួនជិះម៉ូតូឌុប និង BTS នេះដែរ អ្នកកំលោះ Nadech បានឱ្យដឹងថា ៖ «មែនទែនទៅរាល់ពេលដែលលោកទៅណាមកណាតែងតែស្ទះផ្លូវ ដូចនេះជម្រើសល្អសម្រាប់លោកគឺជិះម៉ូតូឌុប ដើរ ឬ ក៏ជិះរថភ្លើងជំនួសឡានព្រោះថាវាងាយជាង តែពេលខ្លះអ្នកចាត់ការមិនឱ្យធ្វើបែបនោះទេ ព្រោះខ្លាចមានរឿង តែលោកនៅតែធ្វើ ព្រោះប្រញាប់មិនចង់ឱ្យយឺតការងារ។ និយាយរួមម៉ូតូឌុបជាជម្រើសល្អសម្រាប់លោក»៕