Lee Ji Ah រងពាក្យចចាមអារ៉ាមថា ញៀននឹងកែសម្ផស្ស កែរហូតមុខមាត់ខុសដាច់ពីមុន
ថ្មីៗនេះ តារាសម្ដែងស្រី Lee Ji Ah តួឯកស្រីក្នុងរឿង «Penthouse Madam» កំពុងមានរឿងចម្រូងចម្រាសបន្ទាប់ពីបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីបទសម្ភាសមួយតាមរយៈ YouTube ហើយតារាស្រីរូបនេះ បានធ្វើឱ្យទស្សនិកជនភាគច្រើន មានការភ្ញាក់ផ្អើល ដោយសារមុខមាត់នាងបច្ចុប្បន្នមើលទៅរឹងៗខុសប្លែកពីមុន។
បន្តបន្ទាប់មកក៏ស្រាប់តែមានពាក្យចចាមអារ៉ាមថា តួឯកស្រីរូបនេះ បានវះកាត់កែសម្ផស្សរហូតដល់មុខមាត់ដូចមនុស្សផ្សេងគ្នា ត្រូវបានគេយកទៅបង្ហោះចែកចាយពេញនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤។
កន្លងមក តារាសម្ដែងស្រីរូបនេះ ធ្លាប់ត្រូវបានគេចោទសួរពីការវះកាត់កែសម្ផស្សរបស់នាងមកហើយ ក្រោយពីរូបថតបញ្ចប់ការសិក្សារបស់នាង បានជីកកកាយឡើងវិញ។ ក្នុងនោះដែរ មុខមាត់ខុសប្លែកពីមួយថ្ងៃទៅមួយថ្ងៃរបស់នាង ត្រូវបានគេចាប់សម្គាល់ឃើញចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈ។
យ៉ាងណាមិញ ជុំវិញការសង្ស័យរបស់មហាជនកន្លងមកថា Lee Ji Ah ទើបតែឆ្លងកាត់ការវះកាត់កែសម្ផស្សសោះ ហេតុអ្វីបានជានាងញៀននឹងការវះកាត់កែមុខមាត់ច្រើនខ្លាំងទៅវិញ។ លើសពីនេះ មហាជនក៏បាននិយាយថា មើលទៅនាងមានមុខមាត់ផ្លាស់ប្តូរ ស្ទើរតែចំណាំមិនបាន៕