ខំរត់ទៅរស់នៅអាមេរិកហើយ Zheng Shuang នៅតែត្រូវគេតាមទារលុយឱ្យសងថ្លៃថតរឿងជាង ៨ លានដុល្លារទៀត
កាលពីពេលថ្មីៗនេះ អ្នកនិយមលេងក្នុងបណ្តាញសង្គមចិនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលផលិតករល្បីម្នាក់បានចេញមកលាតត្រដាងជាសាធារណៈ អតីតតារាសម្ដែងស្រី Zheng Shuang បានបន្លំមិនសងសំណងដល់គាត់ជាទឹកប្រាក់ចំនួន ៨ ៣៣៦ ៤៦០ ដុល្លារ តាមការសម្រេចរបស់តុលាការកាលពីឆ្នាំ ២០២២ ហើយនាងបែរជារត់យករួចខ្លួនគេចទៅរស់នៅសហរដ្ឋអាមេរិក។
បើតាមការបង្ហោះរបស់ផលិតកររូបនោះ បានបញ្ជាក់ទៀតថា លោកបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីតាមរកតារាស្រី Zheng Shuang ស្វែងរកតាមអាស័យដ្ឋានរបស់នាង អស់រយៈពេល ២០ថ្ងៃ ប៉ុន្តែនៅតែរកឃើញមិនឃើញ។
គួររំឭកផងដែរថា បន្ទាប់ពីតារាស្រី Zheng Shuang ត្រូវបានគេហាមឃាត់មិនឱ្យបង្ហាញខ្លួននៅក្នុងសិល្បៈកម្សាន្តចិន ដោយសារតែរឿងអាស្រូវស្នេហារបស់នាង បានបោះបង់ចោលកូន និង គេចពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ២០២១។
មកដល់ពេលនេះ ផលិតករដែលធ្លាប់រួមការងារជាមួយនាង បានដាក់ពាក្យប្តឹងបន្តបន្ទាប់ពីបទធ្វើឱ្យខូចខាតរឿងភាគរបស់ពួកគេ មិនបានចាក់ផ្សាយ។ យ៉ាងណាមិញ យោងតាមសេចក្តីប្រកាសរបស់តុលាការ Zheng Shuang ត្រូវសងសំណងដល់ផលិតករវិញ ប៉ុន្តែរហូតមកដល់ពេលនេះ នាងមិនទាន់បានឃើញសងសំណងឱ្យដៃគូសហការរបស់នាងនោះទេ ទោះបីជាតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិរបស់នាងជាច្រើននៅក្នុងប្រទេសចិនក៏ដោយ៕