
រកឃើញហើយម្ចាស់មកុដ Miss Teen Icon International 2024 បានទៅរាជិនីសម្រស់ឥណ្ឌូនេស៊ី
ក្រោយពីបើកឆាកប្រកួតមករយៈពេលកន្លះខែនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ កម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Teen Icon International 2024 បានបញ្ចប់ទៅយ៉ាងរលូនហើយ ក្នុងនោះកម្មវិធីក៏បានរកឃើញម្ចាស់មកុដប្រចាំឆ្នាំ ២០២៤ ផងដែរ គឺបានទៅលើរាជិនីសម្រស់មកពីប្រទេសឥណ្ឌូនេស៊ី។
ជាការពិតណាស់ បវរកញ្ញាមកពីប្រទេសឥណ្ឌូនេស៊ីពិតជាមានសមត្ថភាពខ្លាំង មិនថាចំណេះដឹង និង រូបសម្រស់នោះទេ។ កាលពីរាត្រីគ្រងមកុដកន្លងទៅ ស្រីស្រស់មកពីប្រទេសឥណ្ឌូនេស៊ីបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរាជិនីសម្រស់រូបនេះបានឆ្លើយសំណួរដោយភាពជឿជាក់ និង ដើរបង្ហាញខ្លួនប្រកបដោយទំនុកចិត្តខ្ពស់។
ទន្ទឹមនឹងទទួលបានមកុដ Miss Teen Icon International 2024 នេះ គេឃើញ មហាជនជាច្រើនបានសម្ដែងក្តីសាទរចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបវរកញ្ញាយុវតីប្រកបដោយសមត្ថភាពខ្លាំងអាចនាំមកុដត្រឡប់ទៅប្រទេសវិញបាន។ ក្នុងនោះដែរ ក្រៅពីម្ចាស់មកុដបានទៅលើប្រទេសឥណ្ឌូនេស៊ីហើយ សម្រាប់លំដាប់រងទី ១ បានទៅលើរាជិនីសម្រស់ប្រទេសថៃ, លំដាប់រងទី ២ បានទៅលើបវរកញ្ញាមកពីប្រទេសម៉ាឡេស៊ី, លំដាប់រងទី ៣ បានទៅលើបវរកញ្ញាមកពីប្រទេសហ្វីលីពីន និង លំដាប់រងទី ៤ បានទៅលើបវរកញ្ញាកម្ពុជា៕