ល្បីតួប្រុសរឿង EXHUMA សង្ហាខ្លាំង ពេលស្គាល់ប្រវត្តិកាន់តែភ្ញាក់ផ្អើល តែមានរឿងមួយស្រីៗដឹងហើយច្បាស់ជាខកចិត្ត
ថ្មីៗនេះនៅតាមរោងកុនបានកំពុងចាក់បញ្ចាំងភាពយន្តកូរ៉េមួយចំណងជើង EXHUMA ឬ ផ្នូរបិសាច។ រឿងនេះជាប្រភេទរឿងភ័យរន្ធត់ដែលទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស។ អ្វីដែលផ្ទុះល្បីនាពេលនេះ សាច់រឿងអាចថាមធ្យម តែអ្វីដែលងំ ម្នាក់ៗនិយាយលើកឡើងអំពីតួអង្គ Bong Gil ដែលមានមុខមាត់ពិតជាសង្ហាខ្លាំង។ ត្រឹមតែភាពសង្ហានៅមិនគ្រប់គ្រាន់នោះទេ បើប្រិយមិត្តបានដឹងអំពីប្រវត្តិរបស់តួប្រុសម្នាក់នេះទៀតនោះ ធានាថានឹងបាក់ចិត្តស្រិបៗតែម្តង។ យ៉ាងណាមិញ កុំទាន់អាលដាក់ចិត្ត ព្រោះមានរឿងមួយអាចនឹងធ្វើឱ្យខកចិត្តផងដែរ។
នៅក្នុងភាពយន្ត EXHUMA ឬ ផ្នូរបិសាច តួអង្គ Bong Gil ត្រូវបានសម្តែងដោយតារាប្រុសកូរ៉េដ៏ល្បីគឺ លី ដូយុន (Lee Do Hyun)។ លោកគឺជាតារាសម្តែង និងជាម៉ូឌែលនៅកូរ៉េខាងត្បូង ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនកម្សាន្តចិន Yuehua Entertainment ដែលបង្កើតក្រុមសិល្បករចិន និង កូរ៉េ។
ចាប់កំណើតនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ១៩៩៥ បច្ចុប្បន្ន លី ដូយុន (Lee Do Hyun) មានអាយុ ២៩ ឆ្នាំត្រឹម។ លោកបានបង្ហាញខ្លួននៅលើវិថីសិល្បៈកាលពីឆ្នាំ ២០១៧ តាមរយៈការសម្តែងភាពយន្តចំណងជើង Prison Playbook។ ក្រោយមកលោកចាប់ផ្តើមល្បីល្បាញខ្លាំងនៅពេលសម្តែងភាពយន្តបន្តបន្ទាប់ដូចជា រឿង Hotel del Luna និង Sweet Home ជាដើម។ បើសរុបភាពយន្តដែលលោកបានសម្តែងកន្លងមកមានប្រមាណជិតម្លៃរឿងឯណោះ។
លើសពីរូបសម្រស់ លី ដូយុន ជាតារាដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែង ជាក់ស្តែងកន្លងមកលោកទទួលបានពានរង្វាន់រហូតដល់ទៅ ៤ រួមមាន៖ ឆ្នាំ ២០១៩ ពានរង្វាន់ Special Short Drama Actor ឬ តារាសម្តែងភាពយន្តខ្លីឆ្នើម ក្នុងកម្មវិធី 2019 KBS Drama Award, ដើមឆ្នាំ ២០២១ ពានរង្វាន់ Best New Actor ឬ តារាសម្តែងថ្មីល្អបំផុត ក្នុងកម្មវិធី 2021 BaekSang Arts Awards និងចុងឆ្នាំ ២០១៩ ទទួលបានពានចំនួនពីរព្រមគ្នាទៀតគឺ ពានរង្វាន់ Best Couple Awards ឬដៃគូសម្តែងស័ក្តិសមបំផុត និង ពានរង្វាន់ Best Actor ឬតារាសម្តែងល្អបំផុត ក្នុងកម្មវិធី 2021 KBS Drama Awards។
ជាមួយសមត្ថភាពគួបផ្សំនឹងរូបសម្រស់ ជឿជាក់ថាតារាសម្តែង លី ដូយុន មិនខ្វះទេអ្នកដែលលួចចាប់ចិត្ត និងបាក់ចិត្តមិនស្ទើរទៅលើរូបលោក តែអ្វីដែលធ្វើឱ្យអ្នកបាក់ចិត្តធ្លាក់ថ្លើមនោះគឺថា តារាសង្ហារូបនេះមានម្ចាស់បេះដូងរួចទៅហើយ។ គូស្នេហ៍របស់លោកគឺតារាសម្តែងស្រី Lim Ji Yeon ដែលជាតួស្រីសម្តែងជាមួយលោកនៅក្នុងរឿង «The Glory» ដែលចេញផ្សាយនៅលើ Netflix កាលពីឆ្នាំ ២០២២។ គូស្នេហ៍ក្នុងរឿងបានក្លាយជាគូស្នេហ៍នៅក្នុងជីវិតពិត អ្នកទាំងពីរបានចាប់ផ្តើមស្និទ្ធស្នាលគ្នាតាំងពីពេលកំពុងថតរឿងម្ល៉េះ ហើយក្រោយមកនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ អ្នកគ្រប់គ្រងរបស់តារាទាំងពីរនេះក៏បានប្រាប់អ្នកសារព័ត៌មានថា អ្នកទាំងពីរគឺជាគូស្នេហ៍ផ្លូវការ និងសុំឱ្យអ្នកគាំទ្រគាំទ្រចំពោះស្នេហារបស់ពួកគេ។
គួរឱ្យដឹងដែរថា គូស្នេហ៍របស់តារាមុខមាត់សង្ហា លី ដូយុន នាងក៏ជាតារាភាពយន្តដ៏ល្បីរបស់កូរ៉េខាងត្បូង។ នាងមានអាយុ ៣៣ ឆ្នាំ និយាយទៅចាស់ជាង លី ដូយុន ដល់ទៅ ៤ ឆ្នាំ៕