រំលងច្រើនឆ្នាំ! តារាស្រីល្បីឈ្មោះ ៤ រូប ជំនាន់ឆ្នាំ ២០០០ សម្រស់ស្អាតមិនប្រែ ឯវាសនាវិញក៏ល្អខ្ពស់ត្រដែត
បើលើកយកអតីតសិល្បការិនីល្បីសុសសាយ និង មានទេពកោសល្យ ព្រមទាំងរូបសម្រស់ស្រស់សោភាកាលពីអំឡុងឆ្នាំ ២០០០ មកនិយាយ ច្បាស់ណាស់មហាជនពិតជានឹកដល់តារាស្រី ៤ រូបខាងក្រោមនេះជាក់ជាមិនខាន។ ក្នុងនោះរួមមាន អតីតតារាសម្តែង ស្រីតូច ចំណាន អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី អតីតតារាចម្រៀង សៀម ស្រីណុច និង តារាចម្រៀង ឡាយ លក្ខិណា គឺនៅតែស្ថិតនៅក្នុងចិត្តរបស់អ្នកគាំទ្រនៅឡើយ ដោយម្នាក់ៗតែងបានមហាជនគាស់កកាយចង់ដឹងរឿងរ៉ាវជីវិតរបស់ពួកគេនាពេលនេះថាម្នាក់ៗប្រែប្រួលយ៉ាងណាហើយ។
១. អតីតតារាស្រី ស្រីតូច ចំណាន
អតីតសិល្បការិនី ស្រីតូច ចំណាន ដែលមានឈ្មោះពិត ម៉ៅ ចំណាន ក្រោយពីបញ្ចប់អាជីពសិល្បៈហើយនោះ អតីតតារាស្រីរូបនេះបានរៀបការជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជាសេដ្ឋីស្រុកខ្មែរ និង ទទួលបានចំណងដៃកូន ៤ នាក់។ បច្ចុប្បន្នអតីតតារាស្រី ម៉ៅ ចំណាន គឺជាជំទាវអ្នកឧកញ៉ាមួយរូបដែលទទួលបានក្តីគោរពស្រឡាញ់ពីមហាជនថែមទៀតផង។ ថ្មីៗនេះ ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្រៅពីមានតំណែងជានាយិកាប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង ជានាយិកាប្រតិបត្តិការ ធនាគារវីង ហើយក៏មានតួនាទីធំៗនៅក្នុងវិស័យផ្សេងទៀតដូចជា វិស័យសណ្ឋាគារ និង កាស៊ីណូ។ ពីលើនេះទៀត ថ្មីៗនេះលោកជំទាវអ្នកឧកញ៉ា ក៏បានក្លាយជាប្រធានថ្មីនៃសមាគមសិល្បករខ្មែរ អាណត្តិថ្មី ៦ ផងដែរ។
២. អតីតតារាស្រី ពេជ្រ ច័ន្ទបូរមី
ងាកមកមើលអតីតតារាសម្តែងដ៏ស្រស់សោភា ពេជ្រ ច័ន្ទបរមី បច្ចុប្បន្នបានទទួលងារជាជំទាវ ក្រោយក្លាយជាភរិយារបស់ឧត្តមសេនីយ៍ កែវ វ៉ាន់ថន ជាអ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ ជាមួយនឹងការរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភនោះ អតីតសិល្បការិនីរូបនេះក៏ទទួលបានចំណងដៃកូន ២ នាក់ផងដែរ រីឯរូបសម្រស់វិញនោះ គឺនៅតែស្រស់សោភាដូចកាលនៅជាសិល្បការិនីយ៉ាងដូច្នោះ។
៣. អតីតតារាចម្រៀង សៀម ស្រីណុច
អតីតតារាចម្រៀងល្បីឈ្មោះ សម្រស់ស្រស់សោភា អំឡុងឆ្នាំ ២០០០ សៀម ស្រីណុច បានបញ្ចប់អាជីពសិល្បៈកាលពីអំឡុងឆ្នាំ ២០០៦ ដោយបានចាកចេញទៅរស់នៅឯប្រទេសកាណាដាជាមួយស្វាមី។ សព្វថ្ងៃអតីតតារាចម្រៀងរូបនេះ កំពុងតែរស់នៅយ៉ាងមានសុភមង្គល និង ទទួលបានចំណងដៃកូនស្រី ១ រូប និង ប្រុស ១ រូប ឯសម្រស់វិញស្អាតខ្ញង់មិនប្រែឡើយ។
៤. តារាចម្រៀង ឡាយ លក្ខិណា
តារាចម្រៀងសំឡេងរណ្តំ និង សម្តែង ឡាយ លក្ខិណា បើទោះជាធ្លាប់បានផ្អាកក្នុងវិថីសិល្បៈមួយរយៈក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នតារាចម្រៀងឆ្នើមអំឡុងឆ្នាំ ២០០០ រូបនេះ ក៏នៅតែបន្តអាជីពជាតារាចម្រៀងដូចដើម។ បច្ចុប្បន្ន ឡាយ លក្ខិណា ទទួលបានសិទ្ធិរស់នៅឯទឹកដីប្រទេសកាណាដា និង ឈរជើងជាតារាចម្រៀងពេញនិយមនៅទីនោះទៀតផង។ ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ ក៏បានបើកចំហទំនាក់ទំនងស្នេហ៍នឹងអ្នកគ្រប់គ្រងផ្ទាល់ ជាម្ចាស់ផលិតកម្ម Sandap Entertainment ទៀតផង៕