មិននឹកស្មាន! ខ្ទង់ ១០ ឆ្នាំមុន James Jirayu រងការចោទប្រកាន់ថាបានបែកធ្លាយវីដេអូឆុងមី សឹងកប់ជីវិតសិល្បៈបាត់ឈឹង
បច្ចុប្បន្នអ្នកណាៗក៏ដឹងដែរថា អ្នកកំលោះ James Jirayu មានគូស្នេហ៍កំណាន់ចិត្តហើយ គឺតារាស្រី Faom បើទោះបីជាមិនសូវបង្ហាញរូបភាពស្វីតៗជាមួយគ្នាញឹកញាប់ក៏ដោយ តែអ្នកទាំងពីរនៅតែអាចថែរក្សាទំនាក់ទំនងស្នេហានេះតាំងពីថ្ងៃចាប់ផ្តើមរហូតមកទល់បច្ចុប្បន្ន។
មិនត្រឹមតែថែរក្សាចំណងស្នេហាឱ្យបានយូរអង្វែងនោះទេ បើងាកមកមើលពីជីវិតការងាររបស់អ្នកកំលោះសង្ហា James Jirayu វិញ បច្ចុប្បន្ននេះឃើញថាការងារសិល្បៈរបស់គេក៏ហូរចូលជាបន្តបន្ទាប់ស្ទើរតែគ្មានពេលទំនេរដែរ។
ដោយឡែក ងាកទៅមុនជោគជ័យក្នុងវិស័យជាតារាដូចពេលនេះ ការពិតទៅតារាប្រុស James Jirayu ក៏ធ្លាប់ប្រទះរឿងអាស្រូវស្ទើរតែលិចបាត់ពីពិភពសិល្បៈដែរ ដោយកាលពីឆ្នាំ ២០១៤ កន្លងទៅ លោកត្រូវទទួលរងការចោទប្រកាន់ថាបានបែកធ្លាយវីដេអូលើគ្រែជាមួយនារីម្នាក់យ៉ាងក្តៅសាច់ តែចុងក្រោយខាងផលិតកម្មរបស់អ្នកកំលោះរូបនេះក៏បានចេញមុខមកការពារ និង បកស្រាយថាបុរសនៅក្នុងវីដេអូលើគ្រែនោះមិនមែនជា James Jirayu នោះទេ។
យ៉ាណាមិញ ចាប់តាំងពីខាងផលិតកម្មចេញមុខការពារ និង បដិសេធមក ព័ត៌មាននោះក៏ស្ងាត់ទៅវិញ រីឯមហាជនក៏ឈប់រិះគន់ ឬ ជេរទៅលើតារាប្រុស James Jirayu ទៀតដែរ៕