តួឯកប្រុសកូរ៉េ ២ រូប ធ្វើឱ្យអ្នកគាំទ្រស្ដាយសមត្ថភាពសម្ដែង ក្រោយផុងខ្លួនពាក់ព័ន្ធទៅនឹងរឿងគ្រឿ-ង-ញៀ-ន
បើនិយាយពីវិស័យខ្សែភាពយន្តភាគកូរ៉េ តែងទទួលបានការគាំទ្រផុសផុលមិនត្រឹមតែក្នុងប្រទេសនោះទេ ក្រៅប្រទេសវិញក៏មានការការគាំទ្រខ្លាំងដែរ ហើយបើយើងត្រឡប់ក្រោយបន្តិច តួឯកប្រុស ២ រូប ដែលធ្វើឱ្យអ្នកគាំទ្រស្ដាយសមត្ថភាពសម្ដែងនោះគឺ Park Yoo Chun និង Yoo Ah In ដែលអ្នកទាំងពីរគឺជាតួឯកប្រុសដ៏មានប្រជាប្រិយភាពក្នុងវិស័យ K-Drama ដោយម្នាក់ៗសុទ្ធតែទទួលបានពានរង្វាន់បញ្ជាក់ពីសមត្ថភាពសម្ដែងសម្រាប់រឿងមួយចំនួននាពេលកន្លងមកទៀតផង។
១. តារាសម្ដែងប្រុស Park Yoo Chun
បើនិយាយពីតារាសម្ដែងប្រុស Park Yoo Chun គឺជាតួឯកប្រុសម្នាក់ក្នុងរឿង «រាជបុត្រឆ្លងភព» ជឿថាប្រិយមិត្តប្រាដកជាចាំមិនខាន ចំពោះរឿងមួយនេះដែលផ្ទុះការគាំទ្រជាខ្លាំងអំឡុងឆ្នាំ ២០១២ ព្រោះតែការសម្ដែងដ៏ស័ក្ដិសមរបស់ Park Yoo Chun នៅក្នុងរឿមួយនេះ ធ្វើឱ្យលោកទទួលបានពានរង្វាន់ជាច្រើន និង រឿងផ្សេងទៀតលោកក៏ទទួលបានពានរង្វន់ដូចគ្នា។
យ៉ាងណាមិញ ស្រាប់តែនៅក្នុងឆ្នាំ ២០១៩ តារាសម្ដែងប្រុសរូបនេះ មានព័ត៌មានពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀន ដោយលទ្ធផលតេស្ដចេញមកវិជ្ជមាន ចាប់តាំងពីពេលនោះមកភាពល្បីល្បាញរបស់ Park Yoo Chun ចាប់ផ្ដើមធ្លាក់បន្តិចម្ដងៗ និង មានទូរទស្សន៍ខ្លះហាមមិនឱ្យ Park Yoo Chun លេចវត្តមានជាដាច់ខាតទៀតផង។
ក្រោយមកទៀតក៏មានរឿងក្ដីផ្សេងទៀតដែលធ្វើឱ្យតារាប្រុសរូបនេះ មិនអាចមានឱកាសបង្ហាញមុខនៅលើវិស័យកម្សាន្តផ្សេងៗរបស់ប្រទេសកូរ៉េ មិនថាការសម្ដែង ច្រៀង ឬ ថតផ្សព្វផ្សាយពាណិជ្ជកម្មលើកញ្ចក់ទូរទស្សន៍នោះទេ។ យ៉ាងណាក៏នៅតែមានអ្នកគាំទ្រជាច្រើននៅតែសង្ឃឹមថាថ្ងៃណាមួយលោកអាចនឹងត្រឡប់មកសម្ដែងវិញ ព្រោះជាតួឯកប្រុសមួយរូបដែលមានសមត្ថភាពម្ដែងបានយ៉ាងល្អសឹងតែគ្រប់រឿងដែលរូបគេទទួលថត។
២. តារាសម្ដែងប្រុស Yoo Ah In
ចំណែកឯ តារាសម្ដែងប្រុស Yoo Ah In វិញក៏មិនខុសគ្នាប៉ុន្មានឡើយ លោកគឺជាតួឯកប្រុសក្នុងរឿង «ស្ដេមម៉ូដ» ដែលទទួលបានការគាំទ្រជាខ្លាំងទៅលើសមត្ថភាព រូបសម្រស់ និង ការសម្ដែងយ៉ាងស័ក្តិសមនៅក្នុងរឿងមួយនេះ ហើយកន្លងមកក្នុងរឿងផ្សេងៗ Yoo Ah In ក៏ទទួលបានពានរង្វាន់ថែមទៀតផង។
ដោយឡែក នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ដល់ ខែមីនា ឆ្នាំ ២០២២ តួឯកប្រុសរូបនេះត្រូវបានបូលីសចោទប្រកាន់ទៅលើករណីប្រើប្រាស់ថ្នាំ Propofol ដែលជាថ្នាំខុសច្បាប់ ហើយបូលីសក៏ធ្វើការស៊ីបអង្កេតជាបន្តបន្ទាប់ រហូតដល់ខែតុលា ឆ្នាំ ២០២៣ ការចោទប្រកាន់បានចេញជាផ្លូវការ ក្រោយរកឃើញភស្តុតាងដែលបញ្ជាក់ថាតារាប្រុសរូបនេះ ពិតជាពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀន និង ថ្នាំខុសច្បាប់មួយចំនួនមែន។ ទោះជាយើងណា អ្នកគាំទ្រមួយចំនួនរបស់ Yoo Ah In នៅតែសង្ឃឹមងថា លោកអាចមានឱកាសត្រឡប់មកប្រឡូកក្នុងអាជីពជាតារាសម្ដែងវិញ និង មិនប្រព្រឹត្តនូវទង្វើបែបនេះទៀតឡើយ៕