កៀកថ្ងៃសម្ពោធ! ទេព បូព្រឹក្ស បញ្ចេញឈុតមួយដ៏ប្រណីតមានអំណាចក្នុង MV បទថ្មី «ទេវរាជ»
កាលពីថ្មីៗកន្លងទៅ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង ដែលបានឃើញអ្នកនាងបញ្ចេញនូវ Teaser ស្នាដៃ MV បទចម្រៀងថ្មី គឺ «ទេវរាជ» ត្រឹមតែប៉ុន្មានវិនាទី មានភាពអស្ចារ្យ និង ព្រឺសម្បុរខ្លាំង។
Teaser ប៉ុន្មានវិនាទីនៃ MV បទចម្រៀង «ទេវរាជ» របស់តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានមហាជនអ្នកគាំទ្រសរសើរ និង បង្ហាញការពេញចិត្តខ្លាំង ដែលគិតថា MV ថ្មីមួយនេះ ជាស្នាដៃ MV ដ៏អស្ចារ្យទី ២ បន្ទាប់ពី MV បទ «Top of Lady» របស់អ្នកនាង ផ្ទុះល្បីខ្លាំងកាលពីអំឡុងឆ្នាំ ២០២១។ បើតាមរយៈការបង្ហាញ Poster ផ្សេងៗ ព្រមទាំង Teaser នៃ MV ថ្មីនេះ បានឱ្យដឹងថាមិនចាញ់បទ «Top of Lady» ឡើយ ដោយមានគោលបំណងចង់បង្ហាញពីអត្តសញ្ញាណខ្មែរ និង លើកស្ទួយនូវវប្បធម៌ អរិយធម៌ និង សម្បត្តិដ៏រុងរឿងផ្សេងៗរបស់ខ្មែរជាច្រើន។
លើសពីនេះ តារាស្រី ទេព បូព្រឹក្ស ក៏បានប្រកាសសម្ពោធនូវ MV បទថ្មី «ទេវរាជ» នេះ នៅថ្ងៃទី ២៦ ខែឧសភា ខាងមុខ ក្នុងសាលមហោស្របកោះពេជ្រ ថែមទាំងបានស្នើសុំអ្នកចូលរួមទាំងអស់ឱ្យស្លៀកពាក់ឈុតបែបប្រពៃណីបុរាណខ្មែរ ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និង ជួយផ្សព្វផ្សាយថែរក្សានូវវប្បធម៌ប្រពៃណីរបស់ខ្មែរមួយកម្រិតទៀតផង។
ស្របពេលកៀកថ្ងៃសម្ពោធ MV បទថ្មីនេះដែរ ទេព បូព្រឹក្ស ក៏បានបញ្ចេញនូវឈុតដែលសម្ដែងក្នុង MV នេះជាបន្តបន្ទាប់ ជាពិសេសឈុតមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភាពប្រណីតស្អាតប្លែក និងមើលទៅហាក់មានអំណាចខ្លាំង។ ឈុតនេះដែរ មានឈ្មោះថា «ឈុតធីតានាគឯករាជ្យ» ដែលត្រូវបានដឹងថាជាឈុតសាកល្បងបង្កើតថ្មី ដោយពឹងផ្អែកទៅលើមូលដ្ឋានសិល្បៈបុរាណខ្មែរ រួមបញ្ជូលគ្នាជាមួយសិល្បៈសហសម័យ។
ជាមួយគ្នានោះ តាមរយៈការបង្ហោះ ទេព បូព្រឹក្ស ក៏បានរៀបរាប់ពីអត្ថន័យនៃឈុតមួយនេះយ៉ាងក្បោះក្បាយដែរថា ៖ «ឈុតនេះ ចង់បង្ហាញអំពីបុត្រីនាគ ពោលគឺព្រះនាងនាគ ដែលជាស្តេចគ្រប់គ្រងការពារទឹកដីខ្មែរតាំងពីយូរលង់ណាស់មកហើយ ទ្រង់ពោលពេញទៅដោយឯករាជ្យភាព និងសុភមង្គល។ ទ្រង់តំណាងឲ្យស្រ្តីខ្មែរទាំងអស់ មិនតែប៉ុណ្ណោះទ្រង់ក៏បានបង្ហាញឲ្យបានឃើញថាស្រ្តី គឺជាអតីតកាល បច្ចុប្បន្ន និងអនាគតនៃការតតាំងដើម្បីរកសុខសន្តិភាព។ ចំពោះការរចនាឈុតនេះ យើងយកវិមានឯករាជ្យជាគោលធំក្នុងការបង្កើតម៉ូត ដោយយើងចង់បង្ហាញនិងរំលឹកបន្ថែមអំពីការទាមទារដណ្តើមយកមកវិញនូវសុខសន្តិភាព និងទទួលបាននូវឯករាជ្យពេញលេញ ពីបារាំងក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងទុកជាការឧទ្ទិសដឹងគុណដល់វីរភាពបុព្វបុរសខ្មែរគ្រប់រូបដែលបានតស៊ូពលីជីវិតដើម្បីប្រទេសកម្ពុជា។ ឈុតនេះត្រូវបានសាកល្បងតុបតែងលំអរទៅដោយពណ៌ និង ក្បូរក្បាច់រចនាផ្សេងៗឲ្យកាន់តែមានសោភ័ណភាព ក្នុងគោលបំណងអភិវឌ្ឍដើម្បីអភិរក្សក្នុងលំហជាចលនាបែបខ្មែរ»៕