(វីដេអូ) ឱក សុគន្ធកញ្ញា ទម្លាយថាទោះធ្លាប់លំបាក តែមិនចង់ត្អូញឱ្យគេដឹង ចង់ឱ្យតែគេឃើញភាពជោគជ័យប៉ុណ្ណោះ
មហាជនអ្នកគាំទ្ររបស់កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា សុទ្ធតែបានជ្រាបហើយថាអ្នកនាងជាតារាចម្រៀងស្រីចាស់វស្សាមួយរូប ដែលទោះបីជាអ្នកនាងឈរជើងលើវិថីសិល្បៈរាប់ឆ្នាំមកហើយមែន តែបច្ចុប្បន្ននៅតែរក្សាបានប្រជាប្រិយភាពខ្លាំងដដែលជាមួយនឹងសមត្ថភាពដ៏លេចធ្លោក្នុងវិស័យចម្រៀងរបស់អ្នកនាង។
លើសពីនេះ សព្វថ្ងៃកំពូលតារាចម្រៀងរូបនេះ អាចចាត់ទុកជាសិល្បករមួយរូបទទួលភាពជោគជ័យខ្លាំង ទាំងវិស័យសិល្បៈ និង ជីវិតគ្រួសារ ដោយកំពុងទទួលបានគ្រួសារមួយពេញលេញមានក្ដីសុខខ្លាំង រីឯសិល្បៈក៏កាន់តែមានសន្ទុះប្រជាប្រិយភាពខ្លាំងឡើង។
ដោយឡែក ស្របពេលជីវិតកំពុងជោគជ័យ និង ពេញដោយសុភមង្គលនេះដែរ ថ្មីៗនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចាប់អារម្មណ៍ចែករំលែកខ្លាំងនូវវីដេអូខ្លីមួយ ដែលអ្នកនាងបាននិយាយឱ្យដឹងថា កន្លងមកទម្រាំជោគជ័យដូចពេលនេះ មិនមែនអ្នកនាងមិនធ្លាប់ជួបបញ្ហា និង ការលំបាកនោះទេ គ្រាន់តែអ្នកនាងមិនចូលចិត្តត្អូញត្អែរឱ្យគេដឹង ប៉ុន្តែសុខចិត្តបង្ហាញឱ្យគេបានឃើញនូវភាពខ្លាំង និង ភាពជោគជ័យរបស់នាងវិញ៕