(វីដេអូ) បាត់មុខយូរ! នាយ គ្រោង សមាជិកក្រុមកំប្លែងនាយ ក្រឹម-កុយ វ័យកាន់តែចាស់ ពេលនេះកំពុងរស់នៅស្រុកកំណើត ខេត្តកំពង់ស្ពឺ
បើរំឭកទៅអតីតកាលខ្ទង់ឆ្នាំ ២០០០ ក្រុមកំប្លែង នាយក្រឹម និង នាយកុយ ត្រូវបានគេចាត់ទុកជាក្រុមកំប្លែងមានភាពល្បីល្បាញ និង ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយក្រុមកំប្លែងដឹកនាំសម្តែងពីតារាកំប្លែងល្បីទាំង ២ រូបនេះ តែងតែបានពាំនាំយកសំណើចសើចក្អាកក្អាយតាមរយៈកាយវិការ និង ពាក្យសម្តីកំប្លែងចាក់ទឹកមិនលិចនានា បង្ហាញដល់មហាជនដែលបានទស្សនាឱ្យភ្លេចទុក្ខកង្វល់។
ពិតណាស់ ក្នុងក្រុមកំប្លែងដែលដឹកនាំដោយ នាយក្រឹម និង នាយកុយ កាលជំនាន់នោះមានសមាជិកឆ្នើមៗ និង សម្បូរថ្វីមាត់ជាច្រើនរូបទាំងប្រុស និង ស្រី មានដូចជា នាយក្រឹម នាយកុយ ផ្ទាល់ដែលជាមេក្រុម នាយសានម៉ៅ នាយក្ដិប នាយវីតាមីនសេ នាយសង់ស៊ីស យាយអឿន យាយយ៉យ នាងគ្រត នាង ស៊ុន ណារីម៉ូនីកា នាងកាឆយ នាង សាឡាឡា និង នាយ គ្រោង ព្រមទាំងតារាកំប្លែងល្បីៗជាច្រើនទៀតជាដើម។
យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ននេះ សិល្បករផ្នែកកំប្លែងជើងចាស់ទាំងអស់មិនបាននៅជុំក្រុមគ្នាទៀតឡើយ ដោយមានតារាកំប្លែងខ្លះបានបាត់បង់ជីវិតទៅហើយ តួយ៉ាងដូចជា នាយវីតាមីនសេ នាយសានម៉ៅ ហើយខ្លះទៀតក៏មានវ័យកាន់តែចាស់ ពិការ និង ខ្លះក៏បានលាឈប់បាត់មុខពីសង្គមសិល្បៈឈឹងគ្មានដំណឹង ហើយមួយចំនួនតូចប៉ុណ្ណោះដែលកំពុងនៅប្រឡូកក្នុងវិស័យសិល្បៈដល់បច្ចុប្បន្ន។
ជាក់ស្តែង បើនិយាយពីតារាកំប្លែងស្ងួត ឡាំ ប៊ុនសេន ហៅនាយ គ្រោង ក៏ដូចគ្នាដែរ បើគិតមកដល់ពេលនេះរយៈពេលច្រើនឆ្នាំមកហើយ ដែលលោកបានចាកឆ្ងាយពីការសម្តែងកំប្លែង ដោយធ្វើឱ្យអ្នកគាំទ្រមានក្តីនឹករឭកយ៉ាងខ្លាំង។
យ៉ាងណាមិញ សព្វថ្ងៃ នាយ គ្រោង កំពុងតែរស់នៅឯស្រុកកំណើតនាខេត្តកំពង់ស្ពឺ ដោយអតីតតារាកំប្លែងរូបនេះ ចម្រើនវ័យដល់អាយុ ៧២ ឆ្នាំ ហើយដែរ។ ថ្មីៗនេះ តាមរយៈការបង្ហោះវីដេអូរបស់ លោកជំទាវ នៅ សុនិតា បានឱ្យឃើញថា នាយ គ្រោង មានវ័យចាស់ជរាហើយ ដោយលោកប្រែជាសក់ស មើលសឹងមិនស្គាល់នោះទេ៕