Brad Pitt ឈឺចិត្តហួសថ្លែង ក្រោយដឹងថាកូនស្រីច្បងប្រកាសលុបឈ្មោះលោកចោលចេញពីត្រកូល
កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ តាមទស្សនាវដ្ដី People បានចេញផ្សាយថា តារាសម្ដែង Brad Pitt គឺខូចចិត្តខ្លាំង ក្រោយដឹងថា Shiloh ដែលជាកូនស្រីច្បងរវាងលោក និងតារាស្រី Angelina Jolie សម្រេចលុបចោលត្រកូលជាឈ្មោះឪពុក ចេញពីឈ្មោះរបស់នាង។
តាមប្រភពដដែល បានឱ្យដឹងទៀតថា Brad Pitt គឺរំភើបខ្លាំងបំផុត នៅថ្ងៃដែល Shiloh ចាប់កំណើត ព្រោះថាលោកជាឪពុកម្នាក់តែងតែចង់បានកូនស្រី។ ដោយឡែក ក្រោយ Shiloh សម្រេចបោះបង់ត្រកូលជាឈ្មោះរបស់លោកចោល វាដូចជារឿងមួយបញ្ជាក់ថា លោកបានបាត់បង់កូនស្រីម្នាក់នេះហើយ ដែលជាហេតុធ្វើឱ្យលោកឈឺចាប់ជាខ្លាំង។ បើទោះជាឈឺចាប់ខូចចិត្តយ៉ាងណា តែតាមប្រភពបានបញ្ជាក់ដែរថា Brad Pitt នៅតែស្រឡាញ់កូនស្រីរបស់លោកមិនប្រែ។
តាមប្រភពមួយទម្លាយប្រាប់សារព័ត៌មាន Daily Mail បានឱ្យដឹងថា មុន Shiloh ឈានចូលវ័យ ១៨ ឆ្នាំ Brad Pitt គឺធ្លាប់នៅមានក្ដីសង្ឃឹមថា លោកអាចត្រូវរ៉ូវគ្នាជាមួយកូនៗទាំង ៦ នាក់វិញ។ តាមប្រភពដដែលនោះបានរៀបរាប់ថា៖ «Angelina Jolie អាចធ្វើឱ្យកូនៗរបស់នាងយល់ច្រឡំចំពោះឪពុកគេ ប៉ុន្តែការពិតគឺ Brad តែងតែគាំទ្រស្រឡាញ់កូនៗរបស់គាត់ជានិច្ច។ គាត់មិនដែលស្ដាយក្រោយឡើយ ទោះជាដល់វ័យ ៧០ ៨០ ឬ ៩០ ឆ្នាំ Brad នៅតែចង់មានទំនាក់ទំនាក់ល្អជាមួយកូនៗ»៕