ជួបមុខសួរតែរឿងរៀបការ ក្នាញ់ពេក Samantha Ko តួស្រី TVB តបផាំងទៅអ្នកសួរផាំងៗឡើងស្ងាត់មាត់ចុក
កាលពីសប្ដាហ៍មុន តារាស្រីរូបស្រស់សាច់សខ្ចីញេញប្រចាំទូរទស្សន៍ TVB នាង Samantha Ko បានធ្វើការឡាយវីដេអូ ជជែកកម្សាន្តជាមួយអ្នកគាំទ្រ ហើយពេលនោះដែរ មានសំនួរមួយបានធ្វើឱ្យតារាសម្ដែងស្រីវ័យ ៣៧ ឆ្នាំរូបនេះ ទ្រាំមិនបាន ធ្វើការតប និងចោទសួរទៅវិញមួយចុក។
សំណួរនោះដែរ គឺចោទសួរនាងថា «ពេលណានាងរៀបការ?» ទើបធ្វើឱ្យតារាស្រីមុខស្រស់រូបនេះ ដំឡើងសំឡេងហើយចោទសួរទៅវិញមួយឆ្ងាញ់ថា៖ «ហេតុអ្វីគ្រប់គ្នាសួរខ្ញុំថាពេលណាខ្ញុំរៀបការ? ហេតុអ្វីខ្ញុំត្រូវតែរៀបការ? ខ្ញុំអត់អាចរស់នៅដោយគ្មានមនុស្សប្រុសបានមែន?»។
គួរឱ្យដឹងថា តារាសម្ដែងស្រី Samantha ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រជាប្រិយភាពរបស់នាងហាក់ផ្ទុះឡើងខ្លាំង ក្រោយឈ្នះពានរង្វាន់ «តួស្រីរងល្អជាងគេបំផុត» ប្រចាំភាពយន្តដ៏ល្បីរឿង «The Queen Of News»។ បច្ចុប្បន្ន នាងហាក់មមាញឹកនឹងការងារជាខ្លាំង ហើយកាលពីមុននាងក៏ធ្លាប់បានទម្លាយផងដែរថា នាងធ្លាប់ខូចចិត្តកាលពីមុន ដូច្នេះហើយពេលនេះ នាងផ្ដោតលើការងារសំខាន់ជាង ព្រោះវាជាអ្វីដែលនាងអាចគ្រប់គ្រងបាន៕