លោក Louis Koo តួអង្គ យ៉ាងគួរ ជំនាន់ឆ្នាំ ៩៥ ត្រូវគេប្ដឹងរឿងជំពាក់លុយជាង ១ លានដុល្លារ ១០ ឆ្នាំហើយមិនសង
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ ក្រោយតារាសម្ដែងហុងកុង Louis Koo ដែលប្រិយមិត្តកម្ពុជាភាគច្រើនស្គាល់ជាតួអង្គ យ៉ាងគួរ ប្រចាំឆ្នាំ ១៩៩៥ នោះ កំពុងតែជំពាក់ជំពិននឹងរឿងក្ដីក្តាំ ដោយសារតែថ្មីៗនេះ អតីតដៃគូជំនួញរបស់លោកម្នាក់បានដាក់ពាក្យប្ដឹងទៅតុលាការ ដោយចោទប្រកាន់ថា តារាសម្ដែងរូបនេះមិនព្រមសងប្រាក់ដែលខ្ចីប្រមាណជាង ១ លានដុល្លារ កាលពីឆ្នាំ ២០១៤។
អតីតដៃគូជំនួញនោះដែរ ត្រូវបានស្គាល់ឈ្មោះថា Alex Dong ដែលជាផលិតករហុងកុង និង ជាប្រធានក្រុមហ៊ុន Sunny Side Up Culture Holdings Limited។ តាមព័ត៌មានបានឱ្យដឹងថា លោក Alex និង តារាសម្ដែង Louis Koo បានចុះហត្ថលេខារួមគ្នាក្នុងទឹកប្រាក់ចំនួន ២៤.៩ លានដុល្លារហុងកុង (ប្រមាណជាង ៣ លានដុល្លារ) វិនិយោគលើក្រុមហ៊ុន Eyeteam Limited ដែលជាក្រុមហ៊ុនហ្វេសសិនមួយ កាលពីឆ្នាំ ២០១៤ កន្លងទៅ។ យ៉ាងណាមិញ ដំបូងឡើយតារាសម្ដែង Louis ជាអ្នកផ្ដល់ប្រាក់វិនិយោគ ប៉ុន្តែដោយសារតែខ្វះលុយបន្ថែមចំនួន ៨.៣ លានដុល្លារហុងកុង (ប្រមាណជាង ១ លានដុល្លារ) ទៀត ទើបខ្ចីលោក Alex បង្គ្រប់។
តាមការបញ្ជាក់ពីលោក Alex បានអះអាងថា លោកបានឱ្យប្រាក់ទៅ Louis ខ្ចី ដោយគ្មានការប្រាក់ក្នុងការបង្គ្រប់ការវិនិយោគនេះ ដោយជឿជាក់ថា Louis នឹងសងលោកវិញក្នុងរយៈពេល ៥ ឆ្នាំ។ យ៉ាងណាមិញ តារាសម្ដែងវ័យ ៥៤ ឆ្នាំរូបនោះ គឺបរាជ័យមិនព្រមសងលុយឡើយតាំងពីខែកក្កដា ឆ្នាំ ២០១៨ មក។
បន្ថែមពីការវិនិយោគលើក្រុមហ៊ុន Eyeteam អតីតដៃគូជំនួញទាំង ២ រូបនេះ ក៏បានចូលដៃវិនិយោគជាមួយគ្នាលើភោជនីយដ្ឋានចិនមួយទៀតនៅហុងកុង។ តាមឯកសារច្បាប់បានទម្លាយថា លោក Alex បានចាយប្រាក់ជាង ៤.៥ លានដុល្លារហុងកុង (ប្រមាណជាង ៥៧ ម៉ឺនដុល្លារ) សម្រាប់ការវិនិយោគពាក់កណ្ដាល ដែលស្មើនឹង ៧០% នៃហ៊ុនរបស់ភោជនីយដ្ឋាន។ ក្នុងនោះដែរ ដោយក្ដីទុកចិត្ត ក្រុមហ៊ុន Cool Label Limited របស់លោក Louis ក៏ត្រូវបានឱ្យកាន់កាប់ហ៊ុនពាក់កណ្ដាលផងដែរ។
ក្នុងបណ្ដឹងរដ្ឋប្បវេណី ផលិតករខាងលើបានស្នើឱ្យតុលាការកំពូល កោះហៅលោក Louis និង ក្រុមហ៊ុន Cool Label Limited របស់លោក ធ្វើការផ្ទេរភាគហ៊ុនពាក់កណ្ដាលរបស់ពួកគេដែលកាន់កាប់ដោយទំនុកចិត្តនោះមកឱ្យលោកវិញ និង ចែករំលែកព័ត៌មានលម្អិតនៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ខាងតារាសម្ដែង Louis Koo និង ក្រុមហ៊ុនរបស់លោក នៅមិនទាន់ចេញមុខឆ្លើយតបចំពោះការចោទប្រកាន់នៅឡើយទេ៕
ប្រភព៖ Hype