![ធ្លាប់ជាមនុស្សពិបាកនឹងមានកូន ពេលនេះ Jooy ប្រពន្ធ Dj Push ប្រកាសពពោះកូនម្នាក់ទៀត ក្រោយកូនប្រុសបងអាយុជិត ២ ឆ្នាំ](https://www.popular.com.kh/wp-content/uploads/2024/06/SR1-16.jpg)
ធ្លាប់ជាមនុស្សពិបាកនឹងមានកូន ពេលនេះ Jooy ប្រពន្ធ Dj Push ប្រកាសពពោះកូនម្នាក់ទៀត ក្រោយកូនប្រុសបងអាយុជិត ២ ឆ្នាំ
មួយរយៈក្រោយនេះ គេឃើញគូស្វាមីភរិយាតារាថៃ Jooy និង Dj Push កំពុងតែមានក្តីសុខយ៉ាងខ្លាំងជាមួយនឹងជីវិតជាឪពុកម្តាយ ព្រោះតែមាន PJ ដែលជាកូនប្រុសដ៏គួរឱ្យស្រឡាញ់ក្នុងគ្រួសារ។ យ៉ាងណាមិញ ក្តីសុខនេះក៏នឹងកើនឡើងមួយកម្រិតទៀតហើយ ព្រោះពេលនេះស្វាមីភរិយាគូនេះកំពុងតែបន្ថែមសមាជិកថ្មីមកម្នាក់ទៀត។
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ Jooy បានផុសសារយ៉ាងរំជួលចិត្តមួយ អមជាមួយនឹងរូបភាពគ្រួសារនៅក្នុងបណ្តាញ IG បង្ហាញថាខ្លួនកំពុងតែពពោះកូនទី ២ ។ ក្នុងនោះ នាងបានរៀបរាប់ថា PJ កំពុងតែមានប្អូនម្នាក់ទៀតហើយ នាងពិតជារំជួលចិត្តណាស់ ព្រោះធ្លាប់តែជាមនុស្សពិបាកនឹងមានកូន ពេលនេះក៏ក្លាយជាឪពុកម្តាយរបស់កូនៗរហូតដល់ទៅពីរនាក់។ នាងពិតជារីករាយណាស់ ព្រោះតាំងពីដើមក៏តាំងចិត្តថានឹងមានកូនឱ្យលើសពីម្នាក់ ពេលនេះក៏បានដូចបំណង។
លើសពីនេះ នាងក៏បានអរគុណទៅមហាជន ដែលបានតែងតែលើកទឹកចិត្តឱ្យបន្ថែមសមាជិកថ្មី ហើយនាងក៏បានអរគុណទៅដល់ មិត្តភក្តិបងប្អូន និង អ្នកគាំទ្រទាំងឡាយ ដែលបានមើលថែគ្រួសារនាងបានយ៉ាងល្អ តាំងពីមិនទាន់មាន PJ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រទាំងឡាយ ក៏ហាក់សប្បាយរីករាយមិនចាញ់ឪពុកម្តាយទាំងពីរនេះដែរ គេបានចូលទៅអបអរសាទរនាងពេញក្នុងបណ្តាញសង្គម ជាពិសេសគឺគេរងចាំមើលសមាជិកថ្មីនេះ ថាតើនឹងគួរឱ្យស្រឡាញ់យ៉ាងណាទៅ៕