២០ ឆ្នាំហើយ! បង្ហាញបច្ចុប្បន្នភាពតួសំខាន់ ៦ រូបក្នុងរឿង «រសជាតិជីវិត» បានដើរដល់ចំណុចនេះនៅឆ្នាំ ២០២៤
បើគិតចាប់តាំងពីឆ្នាំ ២០០៤ មកដល់ពេលនេះ រយៈពេលប្រមាណ ២០ ឆ្នាំមកហើយ ដែលរឿងភាគបែបអប់រំ «រស់ជាតិជីវិត» ផលិតដោយទូរទស្សន៍ល្បីបរទេស BCC បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥។ កាលនោះដែរ គេចាំបានថាខ្សែភាពយន្តអប់រំនេះ ត្រូវបានទទួលការគាំទ្រ និង ទស្សនាយ៉ាងច្រើនពីសំណាក់មហាជន។
ក្រឡេកទៅមើលតួអង្គសំខាន់ៗចំនួន ៦ រូប ក៏ត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរពីទេពកោសល្យនៃការសម្តែងរបស់ពួកគេផងដែរ ដោយក្នុងនោះរួមមាន អ្នកនាង កែវ ពេជ្រពិសី, លោក កែវ ង៉ែត, លោក សារ៉ា ចិន្ត្រា, អ្នកនាង ម៉ែន ម៉ាឡៃ, អ្នកនាង គឹម សុធាថងឌី និង លោក អ៊ឹង សុក្រធារិទ្ធ។
១. កែវ ប៉ូរ៉ា តួអង្គ បូរ៉ា
គិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិត ២០ ឆ្នាំមកហើយ ដែលលោក កែវ ង៉ែត បានចាកចេញពីអាជីពសិល្បៈ ទៅសិក្សាបន្ត និង រស់នៅក្រៅប្រទេស។ កន្លងមក តួអង្គ បូរ៉ា ក្នុងរឿង «រសជាតិជីវិត» នេះ ក៏មិនសូវបង្ហាញពីជីវិតឯកជនលើបណ្តាញសង្គមនោះឡើយ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់លោកយ៉ាងខ្លាំង។
យ៉ាងណាមិញ បច្ចុប្បន្ន លោក កែវ ង៉ែត ហៅ ប៉ូរ៉ា ក៏បានរៀបការរួចរាល់ និង បានវិលត្រឡប់មករស់នៅក្នុងប្រទសកម្ពុជាវិញយូរហើយដែរ ដោយបច្ចុប្បន្នលោកមានអាជីពជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ។
២. អ្នកនាង កែវ ពេជ្រពិសី តួអង្គ ពិសី
ក្រោយពីបញ្ចប់ខ្សែភាយន្តខាងលើ អ្នកនាង កែវ ពេជ្រពិសី ក៏បានបន្តលើអាជីពសិល្បៈដូចដើម ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំមុន អ្នកនាងក៏បានផ្អាកលើវិថីសិល្បៈមួយរយៈ។ បច្ចុប្បន្ន អ្នកនាង កែវ ពេជ្រពិសី បានរៀបការ និង ទទួលបានចំណងដៃកូនស្រីម្នាក់រួចមកហើយ។ ម្យ៉ាងវិញទៀត បើទោះជាអ្នកនាងហាក់មិនសូវបង្ហាញវត្តមានក្នុងសិល្បៈដូចមុន ប៉ុន្តែអ្នកនាង កែវ ពេជ្រពិសី ក៏កំពុងមមាញឹកក្នុងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
៣. លោក សារ៉ា ចិន្ត្រា តួអង្គ ពិសិដ្ឋ
មហាជនច្បាស់ជាចាំមិនភ្លេចនោះទេនូវតួអង្គរងមួយរូប ដែលចុងបញ្ចប់នៃរឿង «រសជាតិជីវិត» បានធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែក ក៏ព្រោះក្នុងនោះតួអង្គឈ្មោះ ពិសិដ្ឋ ត្រូវផ្ទុកមេរោគអេដស៍។ តួអង្គនេះដែរ គឺត្រូវបានសម្តែងដោយលោក លោក សារ៉ា ចិន្ត្រា។
បច្ចុប្បន្ន លោក សារ៉ា ចិន្ត្រា ក៏នៅតែបន្តអាជីពលើវិថីសិល្បៈដូចដើម ប៉ុន្តែមិនមែនជាតារាសម្តែងនោះទេ សព្វថ្ងៃតួអង្គ ពិសិដ្ឋ ក្នុងរឿង «រសជាតិជីវិត» រូបនេះ គឺជាអ្នកដឹកនាំ និង ជា Conten Creator ផងដែរ។
៤. អ្នកនាង គឹម សុធាថងឌី តួអង្គ កញ្ញា
គេចាំបានថាបន្ទាប់ពីបញ្ចប់រឿង «រសជាតិជីវិត» អ្នកនាង គឹម សុធាថងឌី ហៅ Amy ហាក់មិនសូវបង្ហាញវត្តមានក្នុងការសម្តែងភាពយន្តនោះទេ ប៉ុន្តែអ្នកនាងគឺជាផលិតករមួយរូប។ ម្យ៉ាងវិញទៀត អ្នកនាង គឹម សុធាថងឌី ក៏ជាអ្នកនិពន្ធសៀវភៅមួយរូបផងដែរ។ បច្ចុប្បន្ន តួអង្គ កញ្ញា ក្នុងរឿង «រសជាតិជីវិត» រូបនេះ បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសកាណាដា សាងគ្រួសារ និង ទទួលបានចំណងដៃកូនប្រុសមួយរូបហើយ។
៥. លោក អ៊ឹង សុក្រធារិទ្ធ តួអង្គ ដុកទ័រ រិទ្ធ
តួអង្គ ដុកទ័រ រិទ្ធ ដែលសម្តែងដោយលោក អ៊ឹង សុក្រធារិទ្ធ ក្រោយពីបញ្ចប់រឿងខាងលើ លោកក៏នៅបន្តអាជីពលើវិថីសិល្បៈក្នុងនាមជាតារាសម្តែងផងដែរ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ លោកក៏បានផ្អាកលើអាជីពនេះ និង មានការងារជាមន្ត្រីរាជការ។ តួអង្គ ដុកទ័រ រិទ្ធ រូបនេះ ក៏បានរៀបការភរិយាកសាងគ្រួសារ ហើយមកទល់បច្ចុប្បន្នលោកក៏ទទួលបានចំណងដៃកូនស្រី ៣ រូប រួចហើយដែរ។ យ៉ាងណាមិញ កាលពី ១ ឆ្នាំមុន លោក អ៊ឹង សុក្រធារិទ្ធ ក៏បានបង្ហាញវត្តមានជាថ្មីលើវិថីសិល្បៈក្នុងការសម្តែងភាពយន្តខ្នាតធំ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។
៦. អ្នកនាង ម៉ែន ម៉ាឡៃ តួអង្គ ម៉ាឡៃ
តួអង្គ ម៉ាឡៃ ដែលសម្តែងដោយ អ្នកនាង ម៉ែន ម៉ាឡៃ ហាក់បាត់មុខឈឹងលើវិថីសិល្បៈ ដោយបច្ចុប្បន្ន នៅលើបណ្តាញសង្គមនានា ក៏ហាក់មិនបានឃើញវត្តមានរបស់អ្នកនាងដែរ។ យ៉ាងណា បើតាមប្រភពអ្នកសិល្បៈបានឱ្យដឹងថា បច្ចុប្បន្នអ្នកនាង ម៉ែន ម៉ាឡៃ កំពុងរស់នៅឯប្រទេសអូស្ត្រាលី៕