![នៅសុខៗ សុគន្ធ ថេរ៉ាយុ បង្ហាញភាពសោកសៅបង្ហោះសារប្លែកៗច្រើនលើហ្វេសប៊ុក អ្នកគាំទ្របារម្ភខ្លាចគិតអីផ្តេសផ្តាស](https://www.popular.com.kh/wp-content/uploads/2024/06/Rayu.jpg)
នៅសុខៗ សុគន្ធ ថេរ៉ាយុ បង្ហាញភាពសោកសៅបង្ហោះសារប្លែកៗច្រើនលើហ្វេសប៊ុក អ្នកគាំទ្របារម្ភខ្លាចគិតអីផ្តេសផ្តាស
កន្លងមក មហាជននិយមតាមដានរឿងរ៉ាវជីវិតឯកជនរបស់លោក សុគន្ធ ថេរ៉ាយុ ច្បាស់ជាធ្លាប់បានជ្រាបមកហើយថា មួយរយៈមុនតារាចម្រៀងប្រុសរូបនេះបានបាត់មុខលើឆាកតន្ត្រីមួយរយៈ ដោយអ្នកគាំទ្រយល់ថាលោកអាចនឹងរវល់សម្រុកបង្កើតមុខជំនួញក្នុងដៃ។
យ៉ាងណាមិញ បន្ទាប់ពីបានវិលត្រឡប់មកបង្ហាញវត្តមានលើវិថីសិល្បៈជាថ្មី លោក សុគន្ធ ថេរ៉ាយុ ក៏ធ្លាប់បានបង្ហាញពីស្ថានភាពផ្លូវចិត្តរបស់លោកនៅក្នុងកម្មវិធីកម្សាន្តមួយថា អំឡុងពេលបាត់មុខលើសិល្បៈមួយរយៈនោះ គឺលោកមានជំងឺបាក់ទឹកចិត្ត។ មកដល់ពេលនេះ បើទោះជាលោក សុគន្ធ ថេរ៉ាយុ ធា្លប់បានប្រាប់មហាជនថា លោកធូរស្រាលជាងមុនក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែព្រួយបារម្ភដល់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះដូចដើម។
ដោយឡែក ក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក សុគន្ធ ថេរ៉ាយុ រមែងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង មានការព្រួយបារម្ភដល់លោកជានិច្ច ព្រោះលោកតែងតែងបង្ហោះសារហាក់បង្ហាញពីអារម្មណ៍សោកសៅជារឿយៗ។ ជាក់ស្តែង ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក សុគន្ធ ថេរ៉ាយុ បានបង្ហោះសារសោកសៅញឹកញាប់ជាងសព្វមួយដង ដែលជាហេតុកាន់តែធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង។
ក្នុងនោះ លោក សុគន្ធ ថេរ៉ាយុ ហាក់បង្ហាញពីការប្រឹងប្រែងតែម្នាក់ឯង ការលះបង់ មានអារម្មណ៍ចង់នៅម្នាក់ឯង ជាដើម។ យ៉ាងណាក៏ដោយ ការបង្ហោះសារទាំងនោះ លោក សុគន្ធ ថេរ៉ាយុ មិនបានបញ្ជាក់ច្បាស់នៅឡើយថាមានពាក់ព័ន្ធនឹងការងារ ការរកស៊ី ឬក៏រឿងរ៉ាវស្នេហា ឬ យ៉ាងណានោះ៕