![សុទ្ធតែសង្ហាៗមានមន្តស្នេហ៍ តែតារាប្រុស ៣ ដួង មិនទាន់រកគូជីវិតបាន ព្រោះមានហេតុផលផ្ទាល់ខ្លួន](https://www.popular.com.kh/wp-content/uploads/2024/06/1239.jpg)
សុទ្ធតែសង្ហាៗមានមន្តស្នេហ៍ តែតារាប្រុស ៣ ដួង មិនទាន់រកគូជីវិតបាន ព្រោះមានហេតុផលផ្ទាល់ខ្លួន
ពិតណាស់ បើចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារាប្រុសល្បីៗប៉ុន្មានរូបក្នុងវិស័យសិល្បៈ ខណៈមិត្តរួមអាជីពគិតគូជីវិតស្នេហារៀបការមានគ្រួសារអស់ហើយ ប៉ុន្តែងាកមកតារាប្រុសប៉ុន្មានរូបនេះវិញ នៅតែមិនទាន់សម្រេចចិត្តរៀបការសាងគ្រួសារ ហើយសូម្បីតែគូស្នេហ៍ក៏មិនទាន់ឃើញបើកបង្ហាញដែរ។
១. លោក ណុប បាយ៉ារិទ្ធ
តារាចម្រៀងចាស់រស្សា ណុប បាយ៉ារិទ្ធ ពេលនេះមានវ័យចូល ៤២ ឆ្នាំហើយ ប៉ុន្តែរូបលោកនៅតែទទួលបានការសរសើរខ្លាំងជាមួយរូបសម្រស់របស់លោក ដែលនៅតែសាច់ចាំស្អាតក្មេងដដែល ជាពិសេសរូបរាងកាន់តែរឹងមាំសាច់ដុំធំៗសខ្ចី។ រីឯទាក់ទងនឹងរឿងស្នេហាវិញ កន្លងមកតារាប្រុសរូបនេះ មិនធ្លាប់បើកបង្ហាញពីទំនាក់ទំនងស្នេហាជាមួយនារីរូបណាជាសាធារណៈឡើយ។
យ៉ាងណាមិញ ជុំវិញជីវិតរឿងស្នេហានេះដែរ កាលពីកន្លងទៅលោក ណុប បាយ៉ារិទ្ធ ក៏ធ្លាប់បានរៀបរាប់ក្នុងវីដេអូមួយ ទម្លាយឱ្យដឹងពីមូលហេតុដែលធ្វើឱ្យរូបលោកប្រើជីវិតនៅលីវមកដល់សព្វថ្ងៃ ក៏ព្រោះតែរូបលោកចេះស្រឡាញ់ខ្លួនឯង លែងខ្វល់ទៅស្រឡាញ់អ្នកណា ឬអ្នកណាមកស្រឡាញ់រូបលោក បានជាបន្តនៅជីវិត Single មកដល់ពេលនេះ។
២. លោក លឹម ជាឡាយ
បើនិយាយពីតារាសម្ដែងប្រុសដ៏ឆ្នើមលោក លឹម ជាឡាយ តែងទទួលបានពាក្យសរសើរជាមួយស្នាដៃដ៏ពោរពេញដោយទេពកោសល្យ និង ភាពប៉ិនប្រសប់ក្នុងការសម្ដែងខ្សែភាពយន្តខ្មែរជាច្រើន ព្រមទាំងឆក់បានការចាប់អារម្មណ៍ និង បេះដូងអ្នកគាំទ្រនារីៗមិនតិចនោះដែរ ជាមួយនឹងរូបរាងមុខមាត់ដ៏ស្រស់សង្ហាមានមន្តស្នេហ៍របស់លោក។
រីឯរឿងរ៉ាវស្នេហាវិញ តារាសម្ដែងប្រុសរូបនេះ ក៏ធ្លាប់លេចឮថាមានស្នេហាដែរ ប៉ុន្តែក៏ស្ងប់ស្ងាត់ទៅវិញ ដែលមកដល់ពេលនេះ លោកក៏បានប្រើជីវិតនៅលីវជាថ្មី និង មិនទាន់គិតគូរពីរឿងស្នេហាទៀតឡើយ។
បើតាមរយៈវីដេអូកិច្ចសម្ភាសមួយ កន្លងមក លោក លឹម ជាឡាយ ក៏បានរៀបរាប់ឱ្យដឹងជុំវិញរឿងរ៉ាវស្នេហា ដែលលោកធ្លាប់រងការឈឺចាប់ទាក់ទងនឹងរឿងស្នេហាម្ដងរហូតធ្វើឱ្យរូបលោកខ្លាចរអានឹងសាងស្នេហ៍ជាថ្មីមកដល់សព្វថ្ងៃផងដែរ។
៣. លោក សេង មង្គល
ចំពោះតារាសម្ដែងប្រុស សេង មង្គល កន្លងមកត្រូវបានអ្នកគាំទ្រលើកសរសើរហូរហែ ដែលតារាប្រុសរូបនេះ មិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់ទេ លោកថែមទាំងមានរូបរាងសង្ហាទាក់ទាញមិនធម្មតាដែរ ជាពិសេសពេលលោកបង្ហាញរូបភាពដោះអាវបញ្ចេញសាច់ដុំធំៗកង់ៗ ជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហាមានមន្តស្នេហ៍ ធ្វើឱ្យរំជួលបេះដូងអ្នកគាំទ្រមិត្តនារីមិនតិចនោះទេ។
បើនិយាយពីរឿងរ៉ាវស្នេហាវិញ សេង មង្គល ធ្លាប់តែផ្ទុះល្បី និង សង្ស័យពីមហាជនថាមានស្នេហាក្រៅឆាកជាមួយតារាស្រីប៉ុន្មានរូប ប៉ុន្តែកន្លងមកលោកក៏ពុំធ្លាប់បើកបង្ហាញទំនាក់ទំនងស្នេហាច្បាស់លាស់ជាមួយនារីរូបណាឡើយ។
យ៉ាងណាពេលនេះដែរ លោក សេង មង្គល ក៏ពុំទាន់ឃើញគិតគូរដល់រឿងសាងជីវិតគូនៅឡើយទេ ព្រោះតែកន្លងមក រូបលោកបង្ហើបឱ្យដឹងថាលោកកំពុងចាំមើលនារីម្នាក់ដែលសក្តិសម ជានារីក្នុងក្ដីស្រមៃរបស់លោក។ ក្នុងនោះ សេងមង្គល ក៏បានរៀបរាប់ពីចំណុចរបស់នារីក្នងក្ដីស្រមៃ ដែលលោកចង់បានធ្វើជាគូអនាគតដែរថា ៖ «និយាយទៅ គឺសុភាពរាបសារធម្មតា ហើយចរិតថ្លៃថ្នូរធម្មតា កុំសិចស៊ីពេក ព្រោះអីអារម្មណ៍ដែលយើងស្រឡាញ់ មនុស្សដែលយើងស្រឡាញ់ ខ្ញុំមានអារម្មណ៍ថាខ្ញុំហួងហែងមនុស្សដែលខ្លួនឯងស្រឡាញ់ បើកាលណារៀងសិចស៊ីពេក យើងមានអារម្មណ៍មនុស្សដែលយើងស្រឡាញ់ម៉ិចសិចស៊ីមេស អ្នកណាក៏ឃើញៗ ចឹងមានអារម្មណ៍ថាអន់ចិត្ត ឬក៏ហួងហែងគាត់ដែរ ចឹងកុំសិចស៊ីពេក ល្មមៗបានហើយ»៕