![ទូកទៅកំពង់នៅ! លោក គង់ បុរាណ កូនប្រុសលោកតា គង់ ណៃ ជាអ្នកស្នងតំណែងចាប៉ីដងវែងតែម្នាក់គត់ក្នុងចំណោមកូនទាំង ១០ នាក់](https://www.popular.com.kh/wp-content/uploads/2024/07/Boran.jpg)
ទូកទៅកំពង់នៅ! លោក គង់ បុរាណ កូនប្រុសលោកតា គង់ ណៃ ជាអ្នកស្នងតំណែងចាប៉ីដងវែងតែម្នាក់គត់ក្នុងចំណោមកូនទាំង ១០ នាក់
នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ នេះ ពិធីហែ និង បញ្ចុះសព ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បានរៀបចំរួចរាល់ហើយនៅឯនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីព្រឹទ្ធាចារ្យបានទទួលមរណភាពកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ។
បើទោះជារូបកាយបានចាកឆ្ងាយពីពិភពលោកនេះក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះល្បីសុសសាយ និង ស្នាដៃចាប៉ីដងវែងរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ នៅតែបន្តទុកដល់កូនខ្មែរជំនាន់ក្រោយឱ្យចងចាំនូវការខិតខំប្រឹងប្រែងរបស់លោកតាកាលនៅមានជីវិតជានិច្ច។
ជាការពិតណាស់ មុននឹងលាចាកលោកទៅ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ក៏មានស្នាដៃក្នុងការហ្វឹកហាត់ដល់កូនសិស្សចាប៉ីដងវែងជាច្រើននាក់រួចមកហើយដែរ កាលលោកតានៅមានជីវិត។
និយាយពីកូនៗបង្កើតរបស់លោកតា គង់ ណៃ និង លោកយាយ តាត់ ឆេត វិញ មុននឹងលោកតាទទួលមរណភាព លោកបានបន្សល់ទុកកូនបង្កើតចំនួន ១០ នាក់ ជាចំណងអាពាហ៍ពិពាហ៍ ដោយក្នុងនោះកូនប្រុសចំនួន ៦ នាក់ និង ស្រីចំនួន ៤ នាក់។
ដោយឡែក បើនិយាយពីការស្នងតំណែងនៃការលេងចាប៉ីដងវែងឯណោះវិញ ក្នុងចំណោមកូនបង្កើតទាំង ១០ រូប គឺមានតែកូនប្រុសទី ៩ គឺលោក គង់ បុរាណ តែម្នាក់គត់ ដែលចេះលេង និង ជាសិល្បករចាប៉ីដងវែងស្នងពីលោកឪពុក គង់ ណៃ។
លោក គង់ បុរាណ មានវ័យ ៤០ ឆ្នាំ គឺជាកូនតែម្នាក់គត់ ដែលចូលចិត្ត និង បានរៀននូវជំនាញសិល្បៈចាប៉ីដងវែងបន្តពីលោកឪពុក តាំងពីអំឡុងឆ្នាំ ២០០៣។ កាលនោះ លោក គង់ បុរាណ បានសិក្សាចាប៉ីដងវែងពី លោកតា គង់ ណៃ រួមនឹងសិស្សរបស់លោកតា គង់ ណៃ ចំនួន ៣ រូបផ្សេងទៀត ដែលបានសិក្សាក្នុងកម្មវិធីអាហាររូបករណ៍របស់ អង្គការសិល្បៈខ្មែរអមតៈ (CLA)៕