ផ្ទុះសរសើរ! ត្រឹម ៤ ថ្ងៃ លី មួយលាង បំបុកយកប្រិយភាពយ៉ាងផុសផុលនៅឥណ្ឌា ក្នុងកម្មវិធី Miss Teen International
កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ Miss Teen International Cambodia 2024 យុវតី លី មួយលាង បានចេញដំណើរទៅប្រទេសឥណ្ឌា ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Teen International ឆ្នាំ ២០២៤។
មកដល់ពេលនេះ រយៈពេល ៤ ថ្ងៃហើយ ដែលបរកញ្ញាយុវតី លី មួយលាង បាន និង កំពុងស្ថិតនៅក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Teen International 2024 ដោយឃើញថាបវរកញ្ញាយុវតីកម្ពុជា និង បេក្ខភាពបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗកំពុងតែធ្វើការហ្វឹកហាត់ ក៏ដូចជាមានការជួបជុំ និង ធ្វើដំណើរទស្សនកិច្ចរួមគ្នាផ្សេងៗនៅលើទឹកដីប្រទេសឥណ្ឌា។
ក្នុងនោះដំណើរការប្រកួតលើឆាកអន្តរជាតិនេះដែរ បវរកញ្ញាយុវតីកម្ពុជា លី មួយលាង កំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរជាមួយនឹងសកម្មភាពរបស់នាង ដែលបវរកញ្ញាយុវតីរូបនេះមានភាពជឿជាក់ ស្វាហាប់ខ្លាំងក្នុងដំណើរការប្រកួតទាំងទំនាក់ទំនង ទាំងការប្រើប្រាស់ភាសាផ្សេងៗជាដើម។
លើសពីនេះ បើក្រឡេកទៅចាប់អារម្មណ៍ការរៀបចំខ្លួនវិញ ឃើញថាបវរកញ្ញាយុវតីរូបនេះ បានត្រៀមខ្លួនយ៉ាងល្អទាំងការតុបតែងមុខ និង ឈុតចូលរួមកម្មវិធីនីមួយៗសុទ្ធតែស្រស់ស្អាតលេចធ្លោមិនឱ្យចាញ់បវរកញ្ញាប្រទេសដទៃឡើយ៕