មិនមែនចង់នៅលីវដល់វ័យ ៤១ ឆ្នាំទេ ឌួង ហ្សូរីដា ថាមិនទាន់អាចធ្វើជាប្រពន្ធ ឬម្ដាយអ្នកណាបាន ព្រោះហេតុផលនេះ
និយាយចំពោះពិធីការិនី និង ជាតារាសម្ដែង ឌួង ហ្សូរីដា មកដល់ពេលនេះ នាងនៅតែរក្សាឈ្មោះជាកញ្ញា ដដែល ទោះបីជាមិត្តភក្ដិក្នុងក្រៅសិល្បៈ ដែលមានវ័យស្របាលៗនឹងនាង ឬសិល្បករជំនាន់ក្រោយៗជាច្រើន បានរៀបការសាងគ្រួសារភ្លូកទឹកភ្លូកដី ក៏តារាស្រីរូបនេះ ហាក់មិនទាន់នឹកនាបង្ហាញមុខម្ចាស់បេះដូងឱ្យអ្នកគាំទ្របានឃើញ ឬគិតគូរចង់បង្កើតគ្រួសារដ៏កក់ក្ដៅមួយដូចគេនៅឡើយទេ។
ដ្បិតថាមកដល់វ័យ ៤១ ឆ្នាំនេះ ឌួង ហ្សូរីដា នៅតែជ្រើសរើសរស់នៅធ្វើជានារីឯករាជ្យ មិននឹកនាដល់រឿងរៀបការនឹងគេក៏ពិតមែន ប៉ុន្ដែនាងមានរឿងជាច្រើនដែលត្រូវគិត និង ទទួលខុសត្រូវ។ ជាក់ស្ដែង ក្រៅពីអាជីពជាអ្នកសិល្បៈដ៏មានឈ្មោះបោះសំឡេងមួយរូប តារាស្រីរូបនេះ កំពុងកាន់កាប់មុខរបររកស៊ីដ៏មមាញឹកក្នុងដៃ ពោលគឺកញ្ញាជាអ្នកជំនួញស្រីដ៏រឹងមាំមួយរូប ដែលខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាម ដើម្បីបំពេញក្ដីស្រមៃឱ្យម្ដាយដែលបានចែកឋាន និង ក្ដីស្រមៃរបស់ខ្លួនឯង។
ខណៈការងារ និង មុខជំនួញកំពុងតែមមាញឹក ស្រាប់តែកញ្ញា ឌួង ហ្សូរីដា បានរៀបរាប់ពាក់ព័ន្ធនឹងរឿងបង្កើតគ្រួសារយ៉ាងភ្ញាក់ផ្អើលលើគណនីហ្វេសប៊ុកថា ៖ «សុំទោស មិនអាចធ្វើជាស្រ្តីមេផ្ទះ និង ជាប្រពន្ធ ឬ ម្តាយដ៏ល្អរបស់អ្នកណាបានទេ ព្រោះរាល់ថ្ងៃយោងអាត្មាខ្លួនឯងមិនទាន់រួចផង មិនចង់ឱ្យអ្នកណាម្នាក់មកពិបាកជាមួយខ្លួនឡើយ»៕