ស្រីស្អាតសាច់សខ្ចី វ៉ាន់ វល័ក្ខ នៅចាយជីវិត Single មិនទាន់ខ្វល់ពីជីវិតគូ ព្រោះរស់នៅម្នាក់ឯងសប្បាយចិត្ត
កញ្ញា វ៉ាន់ វល័ក្ខ ត្រូវបានមហាជនចាត់ទុកជាតារាសម្ដែងស្រីចូលចិត្តតុបតែងខ្លួនបែបសិចស៊ីតាមបែបនារីសម័យថ្មីមួយរូប ដោយសារស្រីស្អាតរូបនេះ មានដងខ្លួនតូចស្រឡូន សាច់សខ្ចី មុខមាត់ទាក់ទាញមានមន្តស្នេហ៍មិនខ្លាចនឹងបង្ហាញទៅដល់មហាជនឡើយ។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលសិល្បៈកាន់តែមានទីផ្សារមមាញឹក គេឃើញថាជីវិតឯកជនរបស់តារាសម្ដែងស្រីសិចស៊ី វ៉ាន់ វល័ក្ខ ហាក់កាន់តែហាយសូរ រស់នៅបែបនារីអភិជនគួរឱ្យកត់សម្គាល់ជាមួយនឹងការប្រើប្រាស់របស់របរម៉ាកល្បីៗ ជិះសុទ្ធតែរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ ជាពិសេសមួយរយៈមុន ស្រីស្អាតរូបនេះបង្អួតផ្ទះវីឡាដ៏ធំស្កឹមស្កៃតម្លៃរាប់ម៉ឺនដុល្លារទៀត។
ខណៈជីវិតរបស់ វ៉ាន់ វល័ក្ខ មានអ្វីៗគ្រប់យ៉ាងហើយ បើចាប់អារម្មណ៍រឿងរ៉ាវជីវិតស្នេហារបស់នាងវិញ ឃើញថាតារាស្រីរូបនេះ ហាក់ពុំទាន់ចង់គិតរឿងជីវិតគូឡើយ ដោយមិនដែលឃើញនាងបង្ហាញទំនាក់ទំនងស្នេហាជាមួយបុរសរូបណាឡើយ ដែលកំពុងដើរចាយជីវិតយ៉ាងរីករាយ និង ហាយសូរជាមួយភាពនៅលីវរបស់នាង។
ដោយឡែក ថ្មីៗនេះ ក៏បានឃើញ វ៉ាន់ វល័ក្ខ ទម្លាយប្រាប់អ្នកសារព័ត៌មានទាក់ទងរឿងរ៉ាវស្នេហា ដែលរៀបរាប់បញ្ជាក់ឱ្យដឹងថានាងមិនទាន់ចង់គិតគូរឿងស្នេហាឡើយ ដោយសារនាងចង់នៅម្នាក់សិន ព្រោះជីវិតនៅម្នាក់ឯងគឺល្អបំផុត ដោយនាងកំពុងតែផ្ដោតលើមុខជំនួញផ្ទាល់ខ្លួន និង វាយលុកវិស័យសិល្បៈឱ្យកាន់តែជោគជ័យថែមទៀត៕