ផ្អើលអ្នកគាំទ្រ! ធ្លាយព័ត៌មានក្តៅគគុកថា HyunA និង Junhyung ដឹកដៃគ្នារៀបការនៅខែតុលា
បើតាមព័ត៌មាន exclusive ពី YTN បានទម្លាយឱ្យដឹងថា តារាចម្រៀងស្រី HyunA និងតារាចម្រៀងប្រុស Yong Junhyung នឹងចាប់ដៃគ្នារៀបការនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។ ចំពោះទីតាំងរៀបចំថ្ងៃពិសេសរបស់គូស្នេហ៍តារាចម្រៀងកូរ៉េមួយគូនេះ មិនទាន់បញ្ជាក់លម្អិតនៅឡើយទេ គ្រាន់តែដឹងថានៅក្នុងក្រុងសេអ៊ូល។
បើតាមប្រភពជិតដិតនឹងគូស្នេហ៍មួយគូនេះ បានបញ្ជាក់ដែរថា ពួកគេសម្រេចចិត្តរៀបការនឹងគ្នា ព្រោះតែពួកគេជឿជាក់លើចំណងស្នេហ៍របស់ពួកគេ។ តាមប្រភពនោះបានរៀបរាប់ថា៖ «ពួកគេជាមិត្តនឹងគ្នាយូរហើយ ហើយក៏យល់ពីទុក្ខលំបាកនៃជីវិតក្នុងវិស័យសិល្បៈកម្សាន្តនេះដែរ។ ពួកគេ មានទំនុកចិត្ត និងយោគយល់គ្នាខ្លាំង ហើយក្រោយក្លាយជាគូស្នេហ៍នឹងគ្នា ខ្ញុំគិតថា ពួកគេសម្រេចចិត្តរៀបការ ក៏ដោយសារតែពួកគេជឿទុកចិត្តលើក្ដីស្នេហ៍ដែលពួកគេមានឱ្យគ្នា»។
ដោយឡែកចំពោះខាងផលិតកម្មរបស់តារាចម្រៀងប្រុស Junhyung វិញ ក៏បានចេញមកឆ្លើយតបនឹងដំណឹងមួយនេះផងដែរ ដោយពួកគេថា នឹងចេញលិខិតប្រកាសផ្លូវការ ក្រោយទទួលបានព័ត៌មានពិតច្បាស់ការ៕
ប្រភព៖ Koreaboo